ប្រវត្តិប្រាសាទអង្គរវត្ត​ ដែលជា​និមិត្តរូប​ដ៏​រុងរឿង​នៃ​ព្រលឹង​ជាតិ​របស់​ប្រជាជន​កម្ពុជា​យើង

បន្ថែម​ពីលើ​ការ​យល់​ដឹង​ពី «​ប្រាសាទអង្គរវត្ត » ត្រឹមតែ​ជា «​អច្ឆរិយវត្ថុ​»​នោះ សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន តាម​រយៈ​ការ​អត្ថាធិប្បាយ​លំអិត ក្បោះក្បាយ​ពី​ស្ថាបត្យកម្ម​ប្រាសាទបុរាណ​នេះ ដោយ​យោង​តាម​ឯកសារ «​ការ​យល់​ដឹង​ពី​ប្រទេស​កម្ពុជា​» នា​ឆ្នាំ​១៩៨៨ ។

ប្រាសាទអង្គរវត្ត​ជា​និមិត្តរូប​ដ៏​រុងរឿង​នៃ​ព្រលឹង​ជាតិ​របស់​ប្រជាជន​កម្ពុជា​យើង ។ ទង់ជាតិ​នៅ​ក្នុង​របប​មុន​ៗ ក៏​ដូច​ទង់ជាតិ​នៃ​របប​យើង​បច្ចុប្បន្ន​សុទ្ធតែ​មាន​រូប​ប្រាសាទ​អង្គរ​វត្ត​​ទាំងអស់ ។ ប្រាសាទអង្គរវត្ត គឺជា​អច្ឆរិយវត្ថុ​ដ៏​កម្រ​មួយ​របស់​មនុស្សជាតិ ព្រោះ​ជា​ស្នាដៃ​កំពូល​មួយ​ខាង​ស្ថាបត្យកម្ម​របស់​មនុស្ស ។ ជនបរទេស​ខ្លះ​គេ​មិន​ស្គាល់​ទេ​ឈ្មោះ​កម្ពុជា តែបើ​និយាយ​ប្រាប់​គេ​ថា អង្គរ​ទើប​គេ​ស្គាល់ ។

ដូច្នេះ​ការ​ឈ្វេងយល់​ដឹង​ពី​ប្រាសាទអង្គរវត្ត គឺជា​ការ​ចាំបាច់​ណាស់​សម្រាប់​យើង​ជា​ម្ចាស់​ទឹកដី​អង្គរ​នេះ ។ តាំងពី​របប មុន​ៗ​មករ​ហូត​ដល់​បច្ចុប្បន្ន​នេះ សៀវភៅ​ឯកសារ អត្ថបទ​ជា​ភាសាបរទេស​ជា​ច្រើន​បាន​សរសេរ​អំពី​ប្រាសាទអង្គរវត្ត​នេះ តែ​ផ្ទុយ​ទៅ​វិញ​យើង​កម្រ​ឃើញ​នូវ​ឯកសារ​ឬ​សៀវភៅសរសេរ​ពី​ប្រាសាទ​នេះ​ជា​ភាសាជាតិ​យើង​ណាស់ ។ ក្នុង​ន័យ​នេះ​ហើយ​ដែល​យើង​នឹង​លើក​ឡើង​នៅ​ខាងក្រោម​អំពី​លក្ខណៈ​ខ្លះ​នៃ​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​នេះ ។

«​អង្គរ​» គឺជា​ពាក្យ​ដែល​គេ​សំដៅ​ហៅ​ឈ្មោះ អតីត​រាជធានី​ខ្មែរ​យើង ដែល​ចាប់​កសាង​ឡើង​ដំបូង​ដោយ​ព្រះបាទ​យ​សោ​វរ្ម័ន (​គ្រឹ​ស្ត​សករាជ ៨៨៩-៩០០) ។ ទីក្រុង​អង្គរ (​ឬ​យ​សោ​ធរ​បុ​រ​) ដែល​កសាង​ឡើង​ជំនាន់​នោះ គឺ​មាន​កំពែង​ដី​ព័ទ្ធ​ជុំវិញ (​សព្វថ្ងៃ​នៅ​សល់​ស្នាម​ខ្លះ​នៅ​ទិស​ខាងត្បូង និង​ខាងលិច​) ហើយ​ដែល​មាន​ភ្នំ​បាខែង (​កម្ពស់​ប្រហែល​​៦០​ម៉ែត្រ​) នៅ​ចំ​កណ្តាល (​ក្នុង​សិលាចារឹក​ហៅ​ថា ភ្នំ​កណ្តាល​) សម្រាប់​តម្កល់​លិង្គ​យ​សោ​ធ​រេ​ស្វរ (​គ្រឹ​ស្ត​សករាជ​៨៩៣) ។

អង្គរ​នេះ​ជា​ពាក្យ​ក្លា​យមក​ពី​ពាក្យ​សំស្ក្រឹត ដែល​មាន​ន័យ​ថា ៖ អង្គរ = ស្តេច + នគរ = ទីក្រុង (​ក្រោយមក​ពាក្យ​នគរ​នេះ យើង​ប្រើ​ស្មើនឹង​ពាក្យ​ប្រទេស​) គឺ​ទីក្រុង​ដែល​ស្តេច​គង់នៅ (​រាជធានី​) ។ ស្តេច​សោយរាជ្យ ក្រោយ​ៗ​មក​បាន​សង់​ប្រាសាទ ឬ​ព្រះ​បរមរាជវាំង នៅ​ម្តុំ ជិត​ៗ​នេះ ហើយ​គេ​ហៅ​ម្តុំ​នេះ​ថា ជា​តំបន់​អង្គរ ។ ប៉ុន្តែ​បើ​គេ​និយាយ​ថា សម័យ​អង្គរ​វិញ គឺ​គេ​មិន​រាប់​តាំងពី​រជ្ជកាល​ព្រះបាទ​យ​សោ​វរ្ម័ន​មក​ទេ តែ​គេ​ចាប់​រាប់​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ (​គ្រឹ​ស្ត​សករាជ ៨០២-៨៥០) មក​វិញ​ទេ​។

រីឯ​ចុងបញ្ចប់​នៃ​សម័យ​អង្គរ មាន​ប្រវត្តិវិទូ​ខ្លះ គេ​កំណត់​យក​ត្រឹម​រជ្ជកាល​ព្រះបាទ​ជ័យ​វ​ម៌ា​ទិ​បរមេ​ស្វរ (១៣២៧-​?​) ព្រោះ​ជា​ស្តេច​ចុង​ក្រោយ​ដែល​នៅ​កាន់​ព្រហ្មញ្ញសាសនា ហើយ​នៅមាន​​កសាង​​ប្រាសាទ ឬ​សិលាចារឹក ។ ប្រវត្តិវិទូ​ខ្លះ​ទៀត កំណត់​យក​ចុងបញ្ចប់​នៃ​សម័យ​អង្គរ​នេះ​នៅ​រជ្ជកាល​ព្រះបាទ​បរម​រាជា​ពញា​យា​៉​ត (១៣៩៣-១៤៦៣) ពិសេស​គឺ​គេ​កំណត់​យក​គ្រឹ​ស្ត​សករាជ​១៤៣១ ដែល​ជា​ឆ្នាំ​ដែល​ស្តេច​អង្គ​នេះ​សម្រេច​ចាកចោល​រាជធានី​អង្គរ ទៅ​តាំង​រាជធានី​នៅ​ទួល​បា​សាន រួច​ទៅ​តាំងនៅ​ក្រុងភ្នំពេញ​វិញ ។

ដូច្នេះ​ការ​កំណត់​សម័យ​អង្គរ​នេះ គេ​បាន​ឯកភាព​គ្នា​យក​កាលបរិច្ឆេទ​ខាង​ដើម​ដូច​គ្នា តែ​ខាង​ចុង​សម័យនេះ​ខ្លះ​យក​ពាក់កណ្តាល​សតវត្ស​ទី​១៤ ខ្លះ​ឱ្យ​យក​ដល់​គ្រឹ​ស្ត​សករាជ​១៤៣១ (​សតវត្ស​ទី​១៥) ។

ចំពោះ​ប្រាសាទ​នៅ​តំបន់​អង្គរ​នេះ ប្រាសាទដែល​ល្បីល្បាញ​ជាងគេ គឺ​ប្រាសាទអង្គរវត្ត(​ពាក្យ​សាមញ្ញ​គេ​ហៅ​ថា អង្គរតូច​) និង​អង្គរធំ(​ក្នុង​បរិវេណ​នៃ​អង្គរធំ​នេះ នៅ​មាន​ប្រាសាទ​ជាច្រើន​ទៀត​) ។ តែ​នៅ​ក្នុង​អត្ថបទ​នេះ យើង​លើកតែ​ប្រាសាទអង្គរវត្ត​មក​បង្ហាញ​ជូន​ប៉ុណ្ណោះ ។

ហេតុ​អ្វី​បានជា​មាន​ពាក្យ​«​វត្ត​»​នៅ​ពីក្រោយ​ពាក្យ​«​អង្គរ​ទៀត​» ? តាម​ឯកសារ​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​ថា ក្រោយ​ការ​បោះបង់​រាជធានី​អង្គរ​នេះ​មក ព្រះរាជា​សោយរាជ្យ ក្រោយ​ៗ​មក​ទៀត បាន​កសាង​វត្ត​អារាម​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ​(​នៅ​សតវត្ស​ទី​១៦ មាន​វត្ត​ពីរ​បាន​កសាង​ឡើង​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ​) ។ នៅ​សតវត្ស​ទី​១៧​និង​១៨ ស្តេច មន្ត្រី ប្រជាជន​បាន​កសាង​ព្រះពុទ្ធ​បដិមា​ពី​ឈើ ពី​ថ្ម យក​ទៅ​តម្កល់​នៅ​ប្រាសាទ​នេះ រហូត​ទាល់តែ​មានឈ្មោះ​ត្រង់​កន្លែង​តម្កល់​ព្រះពុទ្ធ​បដិមា​ក្នុង​ប្រាសាទ​នេះ​ថា «​ព្រះ​ពាន់​» ទៀត​ផង ។ ហេតុ​ដូច្នេះ​ហើយ​បានជា​មាន​ពាក្យ «​វត្ត​» មក​ភ្ជាប់ពាក្យ «​អង្គរ​» ពី​ខាងក្រោយ​ទៅ​ជា «​អង្គរវត្ត​» រហូត​មក​ដល់​សព្វថ្ងៃ ។

ប្រាសាទអង្គរវត្ត​មាន​ទី​តាំងនៅ​ភាគ​ខាងត្បូង​នៃ​តំបន់​អង្គរ ។ ប្រាសាទ​នេះ​បាន​ត្រូវ​សាង​ឡើង​នៅ​ក្នុង​អំឡុង​ពាក់កណ្តាល​ទី​១ នៃ​គ្រឹ​ស្ត​សតវត្ស​ទី​១២ ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ (១១១៣-១១៥០) នៅ​លើ​ផ្ទៃដី​ជិត​២០០​ហិ​កតា (​គិត​ទាំង​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​នេះ​ផង​) ។

ជនជាតិ​អឺរ៉ុប​ដែល​បាន​មក​ឃើញ​ប្រាសាទ​នេះ​មុនគេ គឺ​ពួក​ព័រ​ទុ​យ​ហ្គា​ល់ ។ ពួក​នេះ​ថែម​ទាំង​បាន​កត់​ត្រាទុក​ក្នុង​វា​សិ​ក​ប្រវត្តិ​ពី​ព្រឹត្តិការណ៍ ដែល​ទាក់ទង​ដល់​ប្រាសាទ​នេះ​ទៀត​ផង ។ ដូច​ជា​ឌី​យើ​ុ​ហ្គោ ដូ គូ​តូ គាត់​បាន​កត់​ត្រាទុក​ពី​ការ​រក​ឃើញ​ប្រាសាទ​នេះ និង​ប្រាសាទ​នៅ​តំបន់​អង្គរ​នា​ឆ្នាំ​១៥៥០​ឬ​១៥៥១ ដោយ​ព្រះបាទ​អង្គ​ច័ន្ទ​ទី​១ (១៥១៦-១៥៦៦) នៅ​ពេល​ដែល​ព្រះ​អង្គ​ធ្វើ​ដំណើរ​កម្សាន្ត​បរបាញ់​សត្វ​នៅ​ក្នុង​ព្រៃ ។

លោក​ហ្សូ​អាវ ដូ​ស សង់​តូ​ស បាន​កត់​ត្រាទុក​ពី​ការ​ធ្វើ​ផ្លូវ​ទៅ​កាន់​អង្គរ​ដោយ​បញ្ជា​របស់​ព្រះបាទ​ស​ត្ថា​រ​ទី​១ (១៥៧៦-១៥៩៤) ហើយ​ស្តេច​អង្គ​នេះ​បាន​មក​គង់នៅ​អង្គរ​នេះ​មួយ​រយៈពេល ។ ក្រោយមក​ពួក​ផ្សាយ​សាសនា​ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ និង​អេ​ស្បា​៉​ញ​ជា​ច្រើន​ទៀត​បាន​ធ្វើ​ដំណើរ​មក​កាន់​អង្គរ​នេះ ហើយ​បាន​កត់ត្រា​ទុក​ដោយ​ពិពណ៌នា​អំពី​ទីក្រុង​អង្គរ និង​ប្រាសាទអង្គរវត្ត​នេះ​ទៀត​ផង ។

នៅ​ដើម​សតវត្ស​ទី​១៨ ជនជាតិ​ជប៉ុន​ម្នាក់​បាន​មក​ដល់​កម្ពុជា ហើយ​បាន​គូរ​ប្លង់​ប្រាសាទអង្គរវត្ត​នៅ​គ្រឹ​ស្ត​សករាជ​១៧១៥ ។ ក្រោយមក​សង្ឃ​កាតូលិក​បារាំង​ឈ្មោះ សឺ វ្រឺ​ស ដែល​បាន​មក​ដល់​កម្ពុជា​ទស្សនា​ប្រាសាទអង្គរវត្ត​នេះ​បាន​សរសេរ​អត្ថបទ​មួយ​នា​ឆ្នាំ​១៧៦៨ ដោយ​លើក​អំពី​ភាព​រុងរឿង ល្បីល្បាញ​នៃ​ប្រាសាទអង្គរវត្ត ។

ប៉ុន្តែ​នៅ​អឺរ៉ុប​គេ​នៅ​តែ​ពុំ​សូវ​ស្គាល់​អង្គរ​ទេ ទោះបីជា​មានការ​កត់ត្រា​របស់​អ្នក​ផ្សាយ​សាសនា​ជា​ច្រើន និង​ជា​បន្តបន្ទាប់​យា​៉​ង​នេះ​ក្តី ព្រោះ​ការ​កត់ត្រា​ទាំងនោះ​ពុំ​បាន​ផ្សព្វផ្សាយ​ទូលាយ​ទេ ហើយ​ស្ថិត​នៅ​តែ​ក្នុង​ទី​តម្កល់​ឯកសារ​ប៉ុណ្ណោះ ។ ទាល់តែ​មក​ដល់​ឆ្នាំ​១៨៥៨ លោក​ប៊ូ​យ៉ឺ​វ៉ូ បាន​ចេញផ្សាយ​នូវ​បទ​ពិពណ៌នា​ពី​អង្គរ តែ​គាត់​គ្រាន់តែ​ឱ្យ​គេ​ដឹង​ពី​អត្ថិភាព​នៃ​រាជធានី​ដែល​គេ​បោះបង់​ចោល​ប៉ុណ្ណោះ ដោយ​គាត់​មិន​បាន​លើក​ពី​សោភ័ណ​ភាព​នៃ​ប្រាសាទ​ទាំងឡាយ​នៅ​អង្គរ​នេះ​ឡើយ ។

នៅ​អឺរ៉ុប​ក៏​ដូច​ជា​សាកលលោក​ទាំងមូល គេ​ចាប់​ស្គាល់​ជា​ទូទៅ និង​ច្បាស់លាស់​អំពី​ប្រាសាទអង្គរវត្ត​នេះ​ពី​ឆ្នាំ​១៨៦៣​មក គឺ​បន្ទាប់​ពី​ធម្មជាតិវិទូ​បារាំង​ឈ្មោះ​ហង់​រី មូ​ហូ បាន​រក​ឃើញ​ប្រាសាទ​នេះ​នៅ​ថ្ងៃ​ទី​២២ មក​រា ១៨៦១ ហើយ​គាត់​បាន​ចុះ​ផ្សាយ​ពី​ប្រាសាទ​នេះ​ក្នុង​ទស្សនាវដ្តី តួ ឌុ​យ ម៉ុង នា​ឆ្នាំ​១៨៦៣​មក ។ ការ​សិក្សា​ពី​ប្រាសាទអង្គរវត្ត​ក៏​ចាប់ផ្តើម​ពី​ពេល​នោះ​មក ។ នៅ​ឆ្នាំ​១៨៩៨ បារាំង​បាន​បង្កើត​ក្រុម​បេសកកម្ម​អចិន្ត្រៃយ៍​មួយ​នៅ​ឥណ្ឌូចិន ដែល​ក្រោយមក​បាន​ក្លាយទៅជា​វិជ្ជា​ស្ថាន​ស្រាវជ្រាវ​ពី​ចុង​បូព៌​៌ា​របស់​បារាំង ហើយ​បាន​សិក្សា​ស្រាវជ្រាវ​យ៉ា​ង​ទូលំទូលាយ​អំពី​អតីត​រាជាណាចក្រ និង​អតីត​រាជធានី​ខ្មែរ​នេះ​។

នៅ​ឆ្នាំ​១៩០៨ គឺ​មួយ​ឆ្នាំ​ក្រោយ​ដែល​សៀម​ប្រគល់​ខេត្តបាត់ដំបង និង​សៀមរាប​មក​ខ្មែរ​វិញ​នោះ ក្រសួង​អភិរក្ស​អង្គរ​ក៏​បាន​បង្កើត​ឡើង ហើយ​ការ​ចាប់ផ្តើម​រៀបចំ​ជួសជុល​សម្អាត​ប្រាសាទអង្គរវត្ត​ឡើង​វិញ​ក៏​ចាប់​ដំណើរការ និង​ថែរក្សា​តាំងពី​នោះ​រហូត​មក ។ ចាប់ពី​ឆ្នាំ​១៩៧០ ដល់​១៩៧៩ ការ​ថែរក្សា​ប្រាសាទ​អង្គរ​នេះ​ក៏​ត្រូវ​កាត់​ផ្តាច់​ដោយសារ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ។ បច្ចុប្បន្ន​ដោយ​មាន​ជំនួយ​របស់​ប្រទេស​ឥណ្ឌា​ជា​មិត្ត ការ​រៀបចំ​ជួសជុល​ប្រាសាទ​នេះ​ឡើង​វិញ​ក៏​បាន​ដំណើរការ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

លក្ខណៈ​ខ្លះ​នៃ​ស្ថាបត្យកម្ម​ប្រាសាទអង្គរវត្តប្រាសាទអង្គរវត្ត បាន​សាង​ឡើង​ពី​ខាងលិច បច្ចុប្បន្ន​ស្ទឹង​សៀមរាប ហើយ​សាង​នៅ​លើ​ដីខ្សាច់​ដែល​មាន​ស្រទាប់​កម្រាស់​ពី​៤​ទៅ​៥​ម៉ែត្រ​។ នៅ​ពី​ខាងក្រោម​ស្រទាប់​ខ្សាច់​នេះ គេ​សង្កេត​ឃើញ​មាន​ស្រទាប់​ដីឥដ្ឋ ចាប់ពី​ស្រទាប់​ដីឥដ្ឋ​ទៅ​គឺជា​ស្រទាប់ដី​លី​ម៉ូ​នី​ត ។

បើ​ធ្វើ​ដំណើរ​ពី​វាល​អាកាសយាន​សៀមរាប​នៅ​ទិស​ខាងកើត តាម​ផ្លូវ​ក្រាល​កៅស៊ូ ទេសចរ​ដែល​មិន​ធ្លាប់​ស្គាល់​ទីក្រុង​អង្គរ នឹង​មានការ​ភ្ញាក់​ប្លែក​ក្នុង​ចិត្ត ដោយ​ឃើញ​មាន​កំពូល​ស្រួច​ចំនួន​៣​លេចធ្លោ​ចេញ​ផុត​ពី​ដើមឈើ ធំ​ៗ​ទាំងឡាយ​។ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​អស់​ចម្ងាយ​ជាង​៥​គីឡូម៉ែត្រ​ពី​ចំណត​អាកាសយាន គេ​នឹង​ទៅ​ដល់ទី​វាល​ស្ថិត​នៅ​ពីមុខ​ប្រាសាទអង្គរវត្ត ។ ដើម្បី​នឹង​មើល​ប្រាសាទ ទេសចរ​ត្រូវ​ឡើងជណ្តើរ​ធំ​មួយ​អំពី​ថ្ម សំដៅ​ទៅ​ទិស​ខាងកើត​ដដែល ។

នៅ​ចុង​ខាងលើ​ជណ្តើរ​នេះ មាន​ទីលាន​តូច​មួយ​អំពី​ថ្ម ហើយ​ដែល​មាន​រូប​តោ​ជា​ច្រើន​ងាកក្បាល​ចូល​ក្នុង​រក​អ្នកដំណើរ ។ នៅ​សងខាង​ទីលាន​នេះ នៅ​ផ្នែក​ខាងក្រោម​ស្ថិត​នៅ​លើ​ផ្ទៃដី​រាបស្មើ គេ​ឃើញ​មាន​ខឿន​អំពី​ថ្មភក់​កម្ពស់​ប្រហែល ០,៧០​ម៉ែត្រ និង​មាន​ទទឹង​ប្រហែល ០,៥០​ម៉ែត្រ លាតសន្ធឹង​យ៉ាង​វែង​ទៅ​ទិស​ខាងជើង និង​ខាងត្បូង កើត​បាន​ជាមួយ​ក្រប​ព័ទ្ធ​ជុំវិញ​គូ​ទឹក ដែល​ស្ថិត​នៅ​ជា​បរិវេណ​ខាងក្រៅ​នៃ​ផ្ទៃ​ប្រាសាទអង្គរវត្ត ។ គូ​ទឹក​នេះ​មាន​ទទឹង​ប្រវែង​២២០​ម៉ែត្រ ហើយ​មាន​បរិវេណ​ខាងក្រៅ​ប្រវែង​៥.៦០០​ម៉ែត្រ គឺ​មាន​ទំហំ​ប្រវែង ១.៣០០​ម៉ែត្រ គុណ​១.៤០០​ម៉ែត្រ ។

បន្ទាប់​ពី​ទីលាន​នេះ ទេសចរ​ត្រូវ​ដើរ​ឆ្លង​តាម​ផ្លូវ​មួយ​អំពី​ថ្ម ដែល​សាង​ឡើង​កាត់​ទទឹង​គូ​ទឹក ។ ផ្លូវ​នេះ​មាន​ទទឹង​ប្រវែង​១២​ម៉ែត្រ ហើយ​អម​សងខាង​ដោយ​បង្កាន់ដៃ​អំពី​ថ្ម ដែល​ធ្វើ​ពី​តួ​នាគ​យ៉ាង​វែង​ទ្រ​ដោយ​សសរ ។ ផ្លូវ​នេះ​មាន​ប្រវែង​ស្មើគ្នា​នឹង​ទទឹង​គូ​ទឹក ។ លុះ​ដើរ​ផុត​ផ្លូវ​នេះ​ហើយ គេ​ត្រូវ​ចុះ​ជណ្តើរ រួច​ដើរ​កាត់​ផ្ទៃដី​រាបស្មើ​មួយ​មាន​ទទឹង​ប្រវែង​៣០​ម៉ែត្រ មុន​នឹង​ទៅ​ដល់​គោ​បុ​រៈ​យា​៉​ង​ធំ​មួយ​មាន​សណ្ឋាន​ជា​រោងថែវ ។

រោង​វែង​នេះ​មាន​បណ្តោយ​ប្រវែង​២៣៥​ម៉ែត្រ ហើយ​មាន​ទទឹង​ដែល​ជា​ច្រក​ខាងក្នុង​ប្រវែង​២,២០​ម៉ែត្រ ប្រកបដោយ​ទ្វារ​ចេញចូល​៥​កន្លែង នៅ​ត្រង់់​ផ្នែក​កណ្តាល​មាន​ផ្ទៃដី​ខ្ពស់​ពី​ដី​រាបស្មើ ហើយ​មាន​ជណ្តើរ​សម្រាប់​ឡើង​ចុះ​នៅ​ត្រង់​ទ្វារ នីមួយ​ៗ ។ ជណ្តើរ​ទាំងនេះ​មាន​កាំ​ចំនួន​៤ ឬ​៥ ។ ទ្វារ​ពីរ​កន្លែង​ទៀត​ស្ថិត​នៅ​ត្រង់​ចុង​ទាំង​សងខាង​នៃ​រោងថែវ ហើយ​មាន​ផ្ទៃ​ខាងក្រោម​រាបស្មើ​នឹង​ផែនដី​។ នៅ​ពី​ខាងលើ​ទ្វារ​កណ្តាល​ទាំង​៣ គេ​ឃើញ​មាន​កំពូល​៣​ខ្ពស់​ឡើង​លើ ផ្នែក​ខាងលើ​បំផុត​មាន​លំនាំ​បែប​ស្រួច ដូច​ជា​ផ្កាឈូក​ក្រពុំ​ដែល​គេ​កាច់​ត្របក​ចំពាក់​កណ្តាល​ពត់​ឱ្យ​មាន​រាង​ង​ស្របគ្នា ។

កំពូល​ដែល​ស្ថិត​នៅ​ចំ​ពីលើ​ទ្វារ​មួយ​នៅ​កណ្តាល​គេ​មាន​សភាព​ធំ ហើយ​ខ្ពស់​ជាង​កំពូល​ពីរ​សងខាង​ជា​ច្រើន​។ ត​ភ្ជាប់​ពី​រោងថែវ​នេះ ទៅ​ទិស​ខាងជើង និង​ត្បូង គេ​ឃើញ​មាន​កំពែង​ពី​ថ្មបាយ​ក្រៀម កម្ពស់​ប្រហែល​៣​ម៉ែត្រ ស្ថិត​នៅ​ព័ទ្ធ​ជុំវិញ​ជា​បរិវេណ​ផ្ទៃដី​ធំ​នៃ​ប្រាសាទ ដែល​មាន​រាង​បួន​ជ្រុង​ទ្រវែង ទទឹង​ប្រវែង​៨០០​ម៉ែត្រ និង​បណ្តោយ​ប្រវែង​១០២៥​ម៉ែត្រ ។ គេ​បាន​ធ្វើ​គោ​បុ​រៈ​៣​កន្លែង​ទៀត នៅ​តាម​កំពែង​នេះ​គឺ​នៅ​ចំពាក់​កណ្តាល​ជ្រុង នីមួយ​ៗ នៃ​ទិស​ខាងកើត​ខាងជើង និង​ខាងត្បូង ។គោ​បុ​រៈទាំង​នេះ​ធ្វើ​ពី​ថ្មភក់​ទាំងអស់ ហើយ​មាន​កំពូល​ខ្ពស់​បន្តិច តែ​មិនមែន​ខ្ពស់​ជា​តួ​ប្រាសាទ​ដូច​គោ​បុ​រៈ​ធំ​នៅ​ទិស​ខាងលិច​ទេ ។

ពេល​ចេញពី​គោ​បុ​រៈ​នៅ​ទិស​ខាងលិច​ដោយ​ចុះ​ជណ្តើរ ៤​ទៅ​៥​កាំ​តាម​ទ្វារ​ស្ថិត​នៅ​កណ្តាល​គេ​មក ទេសចរ​ត្រូវ​ដើរ​តាម​ផ្លូវ​មួយ​ក្រាល​ថ្ម សំដៅ​ទៅ​ទិស​ខាងកើត​ដែល​ពេល​នេះ​គេ​អាច​មើលឃើញ​កំពូល​ប្រាសាទ ខ្ពស់​ៗ ចំនួន​ម្តងនេះ​៥​ពុំ​មែន​៣ ដូច​កាល​ឃើញ​ពី​ដំបូង​នោះ​ទេ ។ ផ្លូវ​នេះ​មាន​បង្កាន់ដៃ​រចនា​ជា​តួខ្លួន​នាគ ទ្រ​ដោយ​សសរ ហើយ​ស្ថិត​ខ្ពស់​ពី​ផ្ទៃរាប​ស្មើ ប្រវែង​១​ម៉ែត្រ និង​មាន​បណ្តោយ​ប្រវែង​៣៥០​ម៉ែត្រ ឯ​ទទឹង​មាន​ប្រវែង​៩,៤០​ម៉ែត្រ តែ​ចន្លោះ​ដែល​អាច​ដើរ​បាន​មាន​ប្រវែង​៨​ម៉ែត្រ​ប៉ុណ្ណោះ ។

នៅ​តាម​បណ្តោយ​ផ្លូវ​នេះ គេ​ឃើញ​មាន​ជណ្តើរ​សម្រាប់​ចុះ​ទៅ​ផ្ទៃដី​រាបស្មើ​ខាងក្រោម ។ ជណ្តើរ​នៅ​ទទឹង​គ្នា​ពីរ​នៅ​ខាងឆ្វេង និង​ខាងស្តាំ​ផ្លូវ ទាំងអស់​មាន​៦​កន្លែង​។ ជណ្តើរ នីមួយ​ៗ​សុទ្ធតែ​មាន​រូប​នាគ​ក្បាល​ប្រាំពីរ​នៅ​អម​សងខាង​ផ្លូវ​ចុះ​ចំនួន ពីរ​ៗ ។ ពេល​ដើរ​បាន​ចម្ងាយ​ប្រវែង​ពាក់​កណ្តាលផ្លូវ​នេះ គេ​ឃើញ​មាន​ប្រាង្គ​ប្រាសាទ​ពីរ​បែរមុខ​ឈម​រកគ្នា​តាម​បណ្តោយ​ទ្រូង​ថ្នល់ ស្ថិត​នៅ ម្ខាង​មួយ​ៗ​ដាច់​តែឯង នៅ​ខាងឆ្វេង និង​ខាងស្តាំ​ផ្លូវ ។ គេ​និយម​សម្គាល់​ប្រាសាទតូច​ទាំង​ពីរ​នេះ​ថា​ជា​បណ្ណាល័យ ។

ដើរ​បាន​បន្តិច​ទៅ​ទៀត គេ​ឃើញ​មាន​ស្រះ​តូច​ៗ​ពីរ​នៅ​អម​សងខាង​ផ្លូវ ស្រះ​ខាងត្បូង​រីង​គោក​អស់​ច្រើន​ទៅ​ហើយ ឯ​ស្រះ​ខាងជើង​នៅ​មានទឹក​នៅឡើយ ហើយ​គេ​អាច​ឃើញ​កាំជណ្តើរ​ដែល​ចុះ​ទៅ​កាន់​ផ្ទៃ​ទឹក ។

លុះ​ដើរ​ផុត​ផ្លូវ​ក្រាល​ថ្ម​ប្រវែង​៣៤០​ម៉ែត្រ​នេះ​ទៅ ទេសចរ​នឹង​ទៅ​ដល់ទី​លាន​ដី​ដែល​ជា​ទម្រ​តួ​ប្រាសាទអង្គរវត្ត ។ ទីលាន​នេះ​មាន​ផ្ទៃដី​ស្មើគ្នា​នឹង​ផ្លូវ​ក្រាល​ថ្ម គឺ​បាន​សេចក្តី​ថា ផ្ទៃដី​ជា​ទម្រ​ប្រាសាទអង្គរវត្ត​មាន​កម្ពស់​លើស​ពី​ផ្ទៃដី​រាបស្មើ​ធម្មតា​ប្រវែង​មួយ​ម៉ែត្រ ។ គេ​សង្កេត​ឃើញ​មាន​រូប​ខ្លួន​នាគ​ទ្រ​ដោយ​សសរ​ជា​បង្កាន់ដៃ​ព័ទ្ធ​ជុំវិញ​បរិវេណ​ទីនោះ​ដែល​មាន​រាង​បួន​ជ្រុង​ទ្រវែង ប្រវែង​បណ្តោយ​៣៥០​ម៉ែត្រ និង​ប្រវែង​ទទឹង​២៣០​ម៉ែត្រ ។ ដើម្បី​ចុះ​មក​កាន់​ផ្ទៃដី​រាបស្មើ​ធម្មតា​វិញ គេ​ឃើញ​មាន​ជណ្តើរ​ទាំងអស់​ចំនួន​១១ គឺ​ពី​ទិស​ខាងលិច បី​ៗ​នៅ​ទិស​ខាងកើត ខាងជើង និង​ខាងត្បូង ។

ពេល​មក​ដល់​ចុង​បំផុត​នៃ​ផ្លូវ​ក្រាល​ថ្ម ហើយ​ដើម្បី​នឹង​ចូល​ទៅ​កាន់​តួ​ប្រាសាទ គេ​ត្រូវ​ឡើងជណ្តើរ​ធំ​មួយ​ដែល​នាំ​ទៅ​កាន់​ទីលាន​មួយ​ធំ​ខ្ពស់​អំពី​ថ្ម ហើយ​ដែល​បែក​ជា​ពីរ​ថ្នាក់​កើត​បានជា​សណ្ឋាន​ទ្រង់ទ្រាយ​កាកបាទ​មួយ​ធំ ។ គេ​និយម​ហៅ​ទីលាន​នេះ​ថា ព្រះ​លាន​កិត្តិយស ព្រោះ​ជា​វេទិកា​មួយ​សម្រាប់​ព្រះមហាក្សត្រ​គង់​ប្រថាប់​មើល​ក្បួន​ហែ ឬ​មើល​របាំ ផ្សេង​ៗ ។ គួរ​បញ្ជាក់​ថា នៅ​ពេល​ដែល​គេ​ជាន់​កាំ​ទី​ពីរ​នៃ​ជណ្តើរ​ឡើង​ទៅ​កាន់​ព្រះ​លាន​កិត្តិយស​នេះ ផ្ទៃ​ខាងលើ​ទីលាន​មាន​កម្ពស់​ហួស​ក្បាលមនុស្ស​ធម្មតា ហើយ​គេ​ពុំ​អាច​មើល​កំពូល​ប្រាង្គ​ប្រាសាទអង្គរវត្ត​ឃើញ​ទេ ព្រោះ​បាំង​នឹង​ផ្ទៃ​ខាងលើ​ព្រះ​លាន ។

ជាន់​ទី​១ ៖ កាលបើ​ដើរ​ឆ្លង​ចុះ​ពី​ទីលាន​នេះ​ទៅ គេ​ត្រូវ​ឡើងជណ្តើរ​ចូល​ទៅ​កាន់​ជាន់​ទី​១ នៃ​តួ​ប្រាសាទអង្គរវត្ត ដែល​មាន​រាង​បួន​ជ្រុង​ទ្រវែង ហើយ​មាន​ទទឹង​ប្រវែង​១៨៧​ម៉ែត្រ​និង​បណ្តោយ​ខាងលិច ខាងកើត​ប្រវែង​២១៥​ម៉ែត្រ​។ ក្រៅពី​ជណ្តើរ​កណ្តាល​ស្ថិត​នៅ​ចំ​មុខ «​ព្រះ​លាន​កិត្តិយស​» គេ​សង្កេត​ឃើញ​ជណ្តើរ ផ្សេង​ៗ​ទៀត​ចំនួន​១៥ ហើយ​ស្ថិត​នៅ​គ្រប់​ជ្រុង​ទាំង​៤​នៃ​ជាន់​ទី​១​នេះ គឺ​ពី​ខាងលិច​មាន​ជណ្តើរ​ទាំងអស់​៥ ពី​ខាងកើត​មាន​៥​នៅ​ជ្រុង​ខាងជើង ខាងត្បូង​មាន​ជណ្តើរ បី​ៗ ។

ជណ្តើរ​ទាំងនេះ នាំ​ទេសចរ​ទៅ​កាន់​ប្រាង្គ មួយ​ៗ​ដែល​ស្ថិត​នៅ​តាម​របៀង​ជាន់​ទី​១ គឺ​គេ​ឃើញ​មាន​ប្រាង្គ​មួយ​គ្រប់​មុម​នៃ​ជ្រុង​ទាំង​៤ នៅ​ជ្រុង​ខាងលិច និង​ខាងកើត មាន​ប្រាង្គ បី​ៗ ស្ថិត​នៅ​ត្រង់​ផ្នែក​កណ្តាល ហើយ​នៅ​ជ្រុង​ខាងត្បូង និង​ខាងជើង​មាន​ប្រាង្គ មួយ​ៗ រួម​ទាំងអស់​នៅ​ជាន់​ទី​១​នេះ មាន​ប្រាង្គ​ចំនួន​១២​។ ប្រាង្គ​ទាំងនេះ​ត​ភ្ជាប់​គ្នា​ទាំងអស់​ដោយ​រោងថែវ​មាន​ដំបូល​ត្រួត​ពីលើ​គ្នា​ជា​ពីរ​ថ្នាក់ ហើយ​នៅ​ចំ​ពីលើ​ប្រាង្គ នីមួយ​ៗ គេ​ធ្វើ​ដំបូល​របៀប​គ្នា ប្លែក​ត្រង់​ដំបូល​រោងថែវ ដែល​គេ​ធ្វើ​ឱ្យ​ត្រួត​គ្នា​ជា​៣​ថ្នាក់​តែ​ប៉ុណ្ណោះ ។

នៅ​ចុង​ជណ្តើរ នីមួយ​ៗ​ដែល​នាំ​ទៅ​កាន់​ប្រាង្គ​ទាំង​១២​មាន​ទ្វារ​ចូល​នៅ​ក្នុង​ប្រាង្គ ហើយ​នៅ​ពីលើ​ទ្វារ​ទាំងនេះ គេ​ឃើញ​មាន​ហោជាង​មាន​លំនាំ​ដូច​ជា​រាង​ត្រីកោណសមបាត ។ ពេល​ឡើង​ទៅ​កាន់​ជាន់​ទី​១​នេះ​តាម​ជណ្តើរ​ដែល​ស្ថិត​នៅ​កណ្តាល​គេ​នៃ​ជ្រុង​ខាងលិច ទេសចរ​ត្រូវ​ដើរទៅ​ខាងត្បូង តាម​ច្រក​រោងថែវ​ដែល​មាន​ទទឹង​ប្រវែង​២,៤៥​ម៉ែត្រ ។ រោងថែវ​នេះ​ស្ថិត​នៅ​លើ​ខឿន​កម្ពស់​៣,៩៥​ម៉ែត្រ​ពី​ផ្ទៃដី​ទម្រ​តួ​ប្រាសាទ ហើយ​មាន​ជញ្ជាំង​តែ​ម្ខាង​នៅ​ផ្នែក​ខាងក្នុង​ដែល​បែរ​ទៅ​រក​ភាគ​កណ្តាល​នៃ​តួ​ប្រាសាទ ឯ​ផ្នែក​ខាងក្រៅ​នៃ​រោងថែវ គេ​មិន​ធ្វើ​ជញ្ជាំង​ទេ គេ​ឃើញ​មាន​តែ​សសរ​បួន​ជ្រុង​ទ្រវែង​ជា​ច្រើន​តម្រៀប​គ្នា​ជា​ពីរ​ជួរ​សម្រាប់​ទ្រ​ដំបូល​ប៉ុណ្ណោះ​។

នៅ​លើ​ជញ្ជាំង​ខាងក្នុង​រោងថែវ គេ​ឃើញ​មាន​ក្បាច់ចម្លាក់​ជា​ផ្ទាំង​រឿង ផ្សេង​ៗ​ជា​ច្រើន គឺ​នៅ​ជញ្ជាំង​ខាងលិច​ភាគ​ខាងត្បូង មាន​ចម្លាក់​និយាយ​ពី​ចម្បាំង​រវាង​ពួក​ប​ណ្ឌ​វ​និង​កៅរ​វៈ​ក្នុង​រឿង​មហាភារតៈ មាន​ប្រវែង​ទាំងអស់​៤៩​ម៉ែត្រ ហើយ​ចែក​ជា​បួន​សង្កាត់ ។ នៅ​ជញ្ជាំង​ខាងត្បូង​ភាគ​ខាងលិច ជា​ផ្ទាំង​រឿង​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ក្នុង​សម័យ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ មាន​ប្រវែង​ទាំងអស់​៩០​ម៉ែត្រ ។ នៅ​ជញ្ជាំង​ខាងត្បូង​ភាគ​ខាងកើត មាន​ចម្លាក់​រឿង​និយាយ​ពី​ស្ថាន​នរក និង​ស្ថានសួគ៌​ប្រវែង​៦៦​ម៉ែត្រ ។ នៅ​ជញ្ជាំង​ខាងកើត​ភាគ​ខាងត្បូង មាន​ក្បាច់​រឿង​និយាយ​ពី​ការ​កូរ​សមុទ្រ​ទឹកដោះ​មាន​ប្រវែង​ជិត​៥០​ម៉ែត្រ ។

ជញ្ជាំង​ខាងកើត​ភាគ​ខាងជើង មាន​ផ្ទាំង​រឿង​និយាយ​ពី​ជ័យជម្នះ​របស់​ព្រះ​វិស្ណុ​លើ​ពួក​អសុ​រៈ និង​មាន​ចំណារ​ថ្ម​យា​៉​ង​ធំ​ដែល​ចារ​នៅ​គ្រឹ​ស្ត​សករាជ​១៧០១ ដោយ​បណ្ឌិត​ជ្យៃ​ន​ន្ន​។ នៅ​ជញ្ជាំង​ខាងជើង​ភាគ​ខាងកើត ជា​ផ្ទាំង​រឿង​និយាយ​ពី​ជ័យជម្នះ​របស់​ព្រះ​គ្រឹ​ស្នៈ លើ​អសុ​រៈ​ឈ្មោះ ពានៈ ។ នៅ​ជញ្ជាំង​ខាងជើង​ភាគ​ខាងលិច ជា​ក្បាច់​រឿង​និយាយ​ពី​ចម្បាំង​រវាង​ពួក​អសុ​រៈ និង​ពួក​ទេវៈ ។ នៅ​ជញ្ជាំង​ខាងលិច​ភាគ​ខាងជើង​មាន​ក្បាច់​រឿង​និយាយ​ពី​ចម្បាំង​ក្នុង​រឿង​រាមាយណៈ ។

នៅ​នឹង​ជញ្ជាំង​ពី​ខាងក្នុង​នៃ​ប្រាង្គ​ពីរ​ស្ថិត​នៅ​មុម​ជ្រុង ត្រង់​ទិសនិរតី និង​ពាយព្យ គេ​សង្កេត​ឃើញ​មាន​ចម្លាក់​ជា​ផ្ទាំង​រឿង​ដែរ ហើយ​មាន​ចំនួន​ច្រើន​ផ្ទាំង​ពី​ខាងលើ​រហូត​មក​ដល់​ខាងក្រោម ។ មុន​នឹង​បញ្ចប់​ការ​អធិប្បាយ​ពី​ជាន់​ទី​១​នេះ យើង​គួរ​បញ្ជាក់​ថា នៅ​ត្រង់​ប្រាង្គ​មួយ​ស្ថិត​នៅ​កណ្តាល​គេ​នៃ​ប្រាង្គ​ទាំង​បី​នៃ​ជ្រុង​រោងថែវ​នៅ​ទិស​ខាងកើត គេ​ពុំ​ឃើញ​មាន​ជណ្តើរ​សម្រាប់​ឡើង​ទៅ​កាន់​ថែវ ដូច​ប្រាង្គ​ដទៃ​ទៀត គេ​ឃើញ​មាន​ជណ្តើរ មាន​តែ​ទ្វារ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​នាំ​ឱ្យ​គេ​ស្មាន​បាន​ថា ជាទី​កន្លែង​ដែល​គេ​សម្រាប់​ឡើង​ជិះ​លើ​ខ្នង​ដំរី​កាលពី​សម័យ​ដើម ។

ព្រះ​ពាន់ ៖ កាលបើ​ដើរ​មើល​ចម្លាក់​រឿង​តាម​ជញ្ជាំង​ជុំវិញ​រោងថែវ​ជាន់​ទី​១ ដោយ​ដើរ​ប្រទក្សិណ​បត់​ឆ្វេង​រហូត​រួច​ហើយ ទេសចរ​នឹង​បាន​ទៅ​ដល់​កន្លែង​ដើម​ត្រង់​ទី​ពាក់​កណ្តាល​ជ្រុង​ថែវ​ជាន់​ទី​១​នៅ​ទិស​ខាងលិច ។ ដើម្បី​នឹង​ចូល​ទៅ​កាន់​ជាន់​ទី​២ គេ​ត្រូវ​ដើរ​ឆ្លង​រោងថែវ​មួយ​បែប​ទៀត ស្ថិត​នៅ​ចន្លោះ​ជាន់​ទី​១ និង​ទី​២ ។ រោងថែវ​នេះ​មាន​៣​ជួ​រត​ភ្ជាប់​រោង​ជាន់​ទី​១ ទៅ​រោងថែវ​ជាន់​ទី​២ ហើយ​មាន​រោងថែវ​មួយ​ជួរ​ទៀត​កាត់​ទទឹង​រោងថែវ​ទាំង​៣​ជួរ​នេះ​ចំពាក់​កណ្តាល ប្រទាក់​គ្នា​ខ្វាត់ខ្វែង​កើត​បានជា​ក្រឡា​ឈើត្រង់ ។ កន្លែង​ដែល​រោងថែវ​ប្រទាក់​គ្នា​នេះ​មានឈ្មោះ​ថា «​ព្រះ​ពាន់​» ។

នៅ​ចន្លោះ​ទាំង​បួន​ដែល​កើត​មាន​ពី​ការ​ប្រទាក់​នៃ​រោងថែវ គេ​ឃើញ​មាន​ស្រះ តូច​ៗ​បួន តែ​គ្មាន​ដក់​ទឹក​ទេ ។ គេ​ស្គាល់​បាន​ថា​ជា​ស្រះ ដោយសារ​ការ​និយាយ​ត​ៗ​គ្នា​មក​តែ​ប៉ុណ្ណោះ ហើយ​ចំពោះ​ការ​នេះ អ្នកប្រាជ្ញ​ជា​ច្រើន​ខាង​វិជ្ជា​បូព៌​៌ា​ប្រទេស ក៏​ពុំ​បាន​ស្រប​យោបល់​ថា​ជា​ស្រះ​ដែរ ព្រោះ​គេ​មិន​ដែល​ឃើញ​មាន​ស្រះ​នៅ​ក្នុង​តួ​ប្រាសាទខ្មែរ​ទេ ។ រោងថែវ​ទាំង​៣​ជួរ និង​រោងថែវ​កាត់​ទទឹង​មួយទៀត​នេះ មាន​ប្រវែង នីមួយ​ៗ៣,៤៥​ម៉ែត្រ ។ រោងថែវ​ពីរ​កណ្តាល​ដែល​កាត់​កែង​គ្នា​មាន​ទទឹង​ប្រវែង​៣,១៤​ម៉ែត្រ ឯ​ស​រោងថែវ ដែល​ភ្ជាប់​ជាន់​ទី​១​ទៅ​ជាន់​ទី​២​មាន​ប្រវែង​ទទឹង​២៩០​ម៉ែត្រ ។

ជាន់​ទី​២ ៖ ដើម្បី​ឡើង​កាន់​ជាន់​ទី​២ គេ​ត្រូវ​ឡើងជណ្តើរ​កណ្តាល​នៃ​ថែវ​ទាក់​គ្នា​ដែល​បាន​ពោល​រួច​មក​ហើយ ។ ជណ្តើរ​នេះ​មាន​កាំ​ចំនួន​ពី​១៧​ទៅ​១៨ ។ ក្រៅពី​ជណ្តើរ​នេះ​មាន​ជណ្តើរ​ផ្សេង​ទៀត​ចំនួន​ទាំងអស់​១៤ គឺ​ជណ្តើរ​៥​ពី​ខាងលិច ហើយនឹង​ជណ្តើរ បី​ៗ​នៅ​ជ្រុង​ខាងកើត ខាងត្បូង និង​ខាងជើង ។ គួរ​បញ្ជាក់​ថា ជាន់​ទី​២​នេះ​មាន​រាង​បួន​ជ្រុង​ទ្រវែង ខាងកើត ប្រវែង​ទទឹង​ជើង​-​ត្បូង​មាន​១០០​ម៉ែត្រ និង​បណ្តោយ​លិច​-​កើត​ប្រវែង​១១៥​ម៉ែត្រ ។ ដូច​ជា​នៅ​ជាន់​ទី​១​ដែរ ជណ្តើ​រទាំង​១៤​ខាងលើ​នាំ​ទេសចរ​ទៅ​កាន់​ប្រាង្គ​ចំនួន​១០ ដែល​ស្ថិត​នៅ​ជាន់​ទី​២​នេះ​។

ប្រាង្គ​ទាំងនេះ​ត​ភ្ជាប់​គ្នា​ដោយ​រោងថែវ ដែល​គ្រប​ពីលើ​ដោយ​ដំបូល​តែ​មួយ​ជាន់ ។ ប្រាង្គ​បួន​ដែល​ស្ថិត​នៅ​ចំ​មុម​ជ្រុង​ទាំង​៤ មាន​កំពូល​ជា​ត្របក​ផ្កាឈូក​ក្រពុំ តែ​សព្វ​ថ្ងៃនេះ​ចុង​កំពូល​ទាំង​បួន​នេះ​បាក់​កំបុត​អស់​ខ្លះទៅ​ហើយ ។ ចំណែកឯ​ប្រាង្គ​៦​ដទៃ​ទៀត គេ​គ្មាន​ធ្វើ​កំពូល​ស្រួច​ពីលើ​ទេ មាន​តែ​ដំបូល​ដែល​មើលទៅ​ហាក់ដូចជា​ត្រួត​ពីលើ​គ្នា​ជា​ពីរ​ជាន់​តែ​ប៉ុណ្ណោះ ។ រោងថែវ​នៅ​ជាន់​ទី​២​នេះ​មាន​ទទឹង​ប្រវែង​២,៤៥​ម៉ែត្រ ដូច​រោងថែវ​នៅ​ជាន់​ទី​១​ដែរ ។

ម្តងនេះ​ផ្នែក​ខាងក្រៅ​រោងថែវ ដែល​បែរមុខ​មក​ខាងក្រៅ​ជា​ជញ្ជាំង​បិទ​ជិត ឯ​ផ្នែក​មួយទៀត​ដែល​បែរមុខ​ឈម​រក​ទីធ្លា​នៃ​ជាន់​ទី​២​នេះ គេ​ធ្វើ​ជា​បង្អួច​មាន​ចម្រឹង​ជា​ជើងទៀន​មាន​រាង​មូល​ទ្រវែង​ដាក់​នៅ​ជិត​គ្នា ។ នៅ​ជ្រុង​ខាងជើង​នៃ​រោងថែវ​ជាន់​ទី​២​នេះ នៅ​ខាងលិច​ប្រាង្គ​នៅ​តាម​ជ្រុង គេ​ឃើញ​មាន​បន្ទប់​តូច​មួយ​ដែល​គេ​ហៅ​សព្វថ្ងៃ​ថា «​ប្រាសាទគក់ទ្រូង​» ព្រោះ​ពេល​ណា​គេ​គក់​ដើមទ្រូង​នៅ​កន្លែង​នោះ​ទៅ គេ​នឹង​ឮ​សំឡេង​ខ្ទ័រ​ឡើង​កើតមក​ពី​ការ​គក់​ទ្រូង​នេះ ។

គួរ​ធ្វើការ​កត់​សម្គាល់ថា ចំពោះ​ជាន់​ទី​២​នេះ​ជ្រុង​ខាងលិច​មាន​ចម្ងាយ​ប្រមាណ​៦០​ម៉ែត្រ​ពី​ជ្រុង​ខាង​នៃ​ជាន់​ទី​១ ឯ​ជ្រុង ផ្សេង​ៗ​នៃ​ទិស​ទាំង​៣​ទៀត​មាន​ចម្ងាយ​ពី​ជ្រុង​ជាន់​ទី​១​ប្រវែង​៣៥​ម៉ែត្រ​ដែរ ។ ជាន់​ទី​២​នេះ​មាន​កម្ពស់​លើស​ពី​លាន​ជាន់​ទី​១​ប្រវែង​ប្រមាណ​៧​ម៉ែត្រ ។

លុះ​ចេញពី​ទ្វារ​កណ្តាល​រោងថែវ​ជាន់​ទី​២ នៅ​លើ​ទីលាន​ជាន់​ទី​២​នេះ និង​នៅ​ខាងជើង និង​ខាងត្បូង​ផ្លូវ​ដើរទៅ​កាន់​ជណ្តើរ​ធំ​កណ្តាល​ពី​ខាងលិច​សម្រាប់​ឡើង​ទៅ​កាន់​ជាន់​ទី​៣ គេ​ឃើញ​មាន​ប្រាសាទ តូច​ៗ​ពីរ​ដែល​សព្វ​ថ្ងៃនេះ​បាក់បែក​អស់ហើយ ។ ផ្លូវ​ដើរទៅ​កាន់​ជណ្តើរ​សម្រាប់​ឡើង​ទៅ​ជាន់​ទី​៣​នេះ ជា​ស្ពានថ្ម​មួយ​មាន​ជើង ហើយ​មាន​ផ្ទៃ​ខ្ពស់​ពី​ផ្ទៃ​ទីធ្លា​នៃ​ជាន់​ទី​២ ។

ជាន់​ទី​៣ ៖ ជាន់​ទី​៣​មាន​រាង​ជា​បួន​ជ្រុង​ស្មើ​ប្រវែង ១​ជ្រុង​ៗ​មាន​៦០​ម៉ែត្រ ។ គេ​ឃើញ​មាន​ជណ្តើរ​សម្រាប់​ឡើង​ទៅ​កាន់​ជាន់​បំផុត​នេះ​ចំនួន​១២ គឺ​មាន​ជណ្តើរ បី​ៗ​នៅ​តាម​ជ្រុង នីមួយ​ៗ​។ ជណ្តើរ​ទាំងនោះ​មាន​សភាព ចោត​ៗ​ណាស់ ហើយ​មាន​ជ​ម្រេ​ល​ដល់​ទៅ​៧០​អង្សា លើកលែងតែ​ជណ្តើរ​នៅ​កណ្តាល​នៃ​ជ្រុង​ខាងលិច ដែល​មាន​សភាព​ពុំ​សូវ​ចោត​ខ្លាំង ព្រោះ​មាន​ជ​ម្រេ​ល​ត្រឹម​៥០​អង្សា ។ ក្រោយ​នេះ​មាន​កាំ​ទាំងអស់​ចំនួន​៣៥ ឯ​ជណ្តើរ​១១​ផ្សេង​ទៀត មាន​កាំ​ចំនួន​តែ​៣២​ទៅ​៣៣​ប៉ុណ្ណោះ ។ ជណ្តើ​រទាំង​១២​នេះ​នាំ​អ្នក​ទស្សនា​ឱ្យទៅ​ដល់​ប្រាង្គ​ចំនួន​៥ ស្ថិត​នៅ​លើ​ខឿន​ដែល​មាន​កម្ពស់​១៣​ម៉ែត្រ ពី​ទីលាន​នៃ​ជាន់​ទី​២ ។ ប្រាង្គ​ចំនួន​បួន ស្ថិត​នៅ​ត្រង់​មុមកែង​នៃ​ជ្រុង​ទាំង​៤ ហើយ​ត​ភ្ជាប់​គ្នា​ពី​មួយ​ដោយ​រោងថែវ មាន​ដំបូល​មួយ​ជាន់ ។

ប្រាង្គ​ទាំងនេះ​មាន​កំពូល​ស្រួច រៀវ​ស្តួច​ទៅ​លើ ហាក់ដូចជា​ផ្កាឈូក​ក្រពុំ​ទើប​លេច​ចេញពី​ទង ហើយ​ដែល​គេ​កាច់​បត់​ស្រទាប់ ជា​ថ្នាក់​ៗ ។ កំពូល នីមួយ​ៗ​មាន​៥​ថ្នាក់​បន្ត​បន្តើត​លើ​គ្នា ហើយ​បើ​គេ​គិត​រួម​ទាំង​បី​ជាន់​នៃ​ផ្នែក​ខាងលើ​បំផុត​ផង កំពូល មួយ​ៗ​ត្រូវ​មាន​៨​ថ្នាក់ តែបើ​តាម​ទស្សនៈ​សាសនា​គេ​រាប់​តែ​៧​ជាន់​ទេ ។ កំពូល​មួយទៀត​ជា​កំពូល​ធំ ហើយ​ខ្ពស់​ជាងគេ មាន​រាងរៅ​លំនាំ​ដូច​ជា​កំពូល​ទាំង​បួន​ខាងលើ​នេះ​ដែរ គឺ​គ្រាន់តែ​ធំ​ជាង​ប៉ុណ្ណោះ ជា​កំពូល​ទី​៥ ដែល​ស្ថិត​នៅ​លើ​ប្រាង្គ​មួយ​នៅ​ចំណុច​ស៊ី​ម៉េ​ទ្រី​នៃ​ប្រាង្គ​ទាំង​៤​ទៀត ។

កំពូល​កណ្តាល​នេះ​មាន​កម្ពស់​ពី​ខឿន​ជាន់​ទី​៣​ប្រវែង​៤២​ម៉ែត្រ ហើយ​មាន​កម្ពស់​ពី​ផ្ទៃរាប​ស្មើ​ធម្មតា​ប្រវែង​៦៥ម៉ែត្រ​។ ប្រាង្គ​នៅ​កណ្តាល​គេ​នេះ ត​ភ្ជាប់​ទៅ​ប្រាង្គ​បួន​ដទៃ​ទៀត​ដោយ​រោងថែវ​ដែល​កាត់​កែង​គ្នា​នឹង​រោងថែវ​នៃ​ប្រាង្គ​នៅ​មុម​ទាំង​បួន ។ រោងថែវ​ដែល​ចេញពី​ប្រាង្គ​កណ្តាល​នេះ​មាន​ទទឹង​ប្រវែង​២,៤០​ម៉ែត្រ មាន​ដំបូល​ពីរ​ថ្នាក់ ហើយ​ផ្នែក​ទាំង​សងខាង​គ្មាន​ជញ្ជាំង​ទេ មាន​តែ​សសរ​បួន​ជ្រុង​ទ្រវែង​ប៉ុណ្ណោះ ។

ចំណែកឯ​រោងថែវ​នៃ​ជ្រុង​ទាំង​បួន​របស់​ជាន់​ទី​៣​នេះ មាន​ផ្នែក​ដែល​បែរមុខ​ចេញ​ទៅ​ខាងក្រៅ​ជា​ជញ្ជាំង​ប្រកបដោយ​បង្អួច​ដែល​មាន​ជើងទៀន មូល​ៗ​ជា​ចម្រឹង​ដាក់​ជិត​ប្រកិត​គ្នា ឯ​ផ្នែក​ម្ខាង​ទៀត​ដែល​ឈមមុខ​ចូល​ក្នុង​ទៅ​រក​ទីធ្លា​ជាន់​ទី​៣ ពុំ​មាន​ជញ្ជាំង​ទេ មាន​សសរ​រាង​បួន​ជ្រុង​ទ្រវែង​ទ្រ​ដំបូល​ផ្នែក​ខាងក្នុង ដែល​មាន​សំយាប​ជា​ពីរ​ថ្នាក់ ។ រោងថែវ​នេះ​មាន​ទទឹង​ប្រវែង​តែ​២​ម៉ែត្រ​ទេ ។ រោងថែវ​តាម​ជ្រុង​ទាំង​បួន និង​ថែវ​ចេញពី​ប្រាង្គ​កណ្តាល​បាន​កាត់​កែង​គ្នា ហើយ​បង្កើត​បានជា​អាង​ទឹកតូច​ៗ​ចំនួន​៤ តែ​ចំពោះ​រឿង​នេះ​លោក​ហង់​រី មា​៉​សាល់ បាន​ពោល​សន្និដ្ឋាន​ពុំ​មែន​ជា​អាង​ទឹក​ទេ ព្រោះ​មាន​ជណ្តើរ​សម្រាប់​ចុះ​ទៅ​ដល់ទី​នោះ ហើយ​គេ​អាច​ដើរ​កាត់​បានជា​ធម្មតា ។

កាលបើ​ទស្សនា​ប្រាសាទ គេ​អាច​ចុះ​តាម​ជណ្តើរ​កណ្តាល​នៃ​ជ្រុង​ខាងត្បូង ដែល​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ គេ​បាន​ធ្វើ​ជណ្តើរ​មួយ​ថ្មី​ទៀត​អំពី​ស៊ីម៉ង់ត៍ ហើយ​ស្ថិត​នៅ​ជាមួយ​គ្នា​នឹង​ជណ្តើរ​ពី​បុរាណ ។ ក្រោយមក​ជណ្តើរ​ថ្មី​នេះ​មាន​បង្កាន់ដៃ​អំពី​ដែក ហើយ​អាច​សម្រួលការ​ឡើង​ចុះ​ចំពោះ​អ្នកខ្លះ ដែល​មាន​ស្មារតី​ទន់ខ្សោយ​ដែល​តែងតែ​ភ័យ​ព្រួយ​នឹង​ការ​វិលមុខ​ខ្លាច​ធ្លាក់​មក​ដី ។

 

Related posts