ឯ.បណ្ឌិតសុខ ទូច យកឯកសណ្ឋានកិត្តិបណ្ឌិត ជូនអ្នកស្រី ត្រឹង ងា ពេលធ្លាក់ខ្លួនឈឺងើបលែងរួច

ឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា និងជាអនុប្រធាន ប្រចាំការ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញដឹក នាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរាជបណ្ឌិត្យសភា កម្ពុជា នាំយកសញ្ញាបត្រ កិត្តិបណ្ឌិតផ្នែកអក្សរ សាស្ត្រខ្មែរ និងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភា កម្ពុជា ប្រគល់ជូន ដល់លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ដល់ គេហដ្ឋានផ្ទាល់ របស់លោកស្រីនៅ រាជធានីភ្នំពេញ នៅវេលា​ម៉ោង ៣រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ជាអ្នកនិពន្ធសៀវភៅ «អរិយធម៌ខ្មែរ» និងបានប្រើឈ្មោះថា «អ្នកស្រី ត្រឹង ងា» នៅលើសៀវភៅ ដែលបានបោះពុម្ពតាំង ពីឆ្នាំ១៩៧៤មកម្លេះ។ សៀវភៅ​នេះត្រូវបានសាធារណជន ទទួលស្គាល់ថា ជាប្រភពឯកសារដ៏ចម្បង និងបានចូលរួមចំណែក យ៉ាងសំខាន់សម្រាប់អ្នក សិក្សាថ្នាក់បញ្ចប់ ក៏ដូចជាអ្នក ស្រាវជ្រាវនិងយុវជនជំនាន់ក្រោយ ក្នុងការ សិក្សារៀនសូត្រ ពង្រីកចំណេះដឹង និងបន្តស្រាវជ្រាវបន្ថែមអំពីវប្បធម៌ និងអរិយធម៌ខ្មែរ។

ដោយមើលឃើញពីការ លះបង់ទាំង ពេលវេលា កម្លាំងកាយ និងក ម្លាំងចិត្ត ជាមួយមនសិការ មោះមុតក្នុងការ គាំទ្រ និងអភិរក្សវប្បធម៌និងអរិយធម៌ ខ្មែរ ក៏ដូចជាការចូលរួមចំណែកបំពេញកាតព្វកិច្ចក្នុង សង្គមនិង សាសនា ព្រមទាំងមានការទទួលស្គាល់ពីមហាជនគ្រប់ស្រទាប់ ជាសក្ខីភាពយ៉ាង ច្បាស់ រាជរដ្ឋាភិបាលបាន ឯកភាព តាមរយៈរាជបណ្ឌិត្យសភា កម្ពុជា បានចេញសេចក្ដីសម្រេច លេខ០៥២/២០ ស.ស.រ. ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ដីពីការប្រគល់ សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែក អក្សរសាស្ត្រ នៃរាជបណ្ឌិត្យ សភាកម្ពុជា ជូនលោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ដើម្បីជាការ តបស្នងចំពោះ លោកស្រី ដែលបានបំពេញកាតព្វកិច្ច មានគុណបំណាច់ ធំធេងក្នុងបុព្វហេតុ ជាឧត្ដមប្រយោជន៍នៃសង្គមជាតិ។

គួរបញ្ជាក់ថា លោកស្រី ឡាយ ហ៊ុនគី កើតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៩ នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយ មានជ័យ)។ គិតចាប់ពីឆ្នាំ១៩៥៧ លោកស្រីបាន ចាប់ផ្ដើមអាជីព ជាគ្រូបង្រៀនជាលើកដំបូង នៅឯ ខេត្តបាត់ដំបង ហើយមួយឆ្នាំ ក្រោយមក លោកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ត្រឹង ងា ដែលមានស្រុកកំណើតជាអ្នក ស្រុកយីងចូវ ខេត្តពលលាវ កម្ពុជាក្រោម។

ក្រោយមក គេបានស្គាល់និងហៅ លោកស្រីថា «អ្នកស្រី ត្រឹង ងា» ទៅតាមទ ម្លា ប់បារាំងនាសម័យ កាលនោះ។ នៅឆ្នាំ១៩៦២ លោកស្រី បានបន្តការសិក្សា នៅវិទ្យាស្ថានជាតិ គរុកោសល្យផ្នែក អប់រំសាស្ត្រាចារ្យរហូត ដល់ឆ្នាំ១៩៦៦ លោកស្រីបាន បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និង ក្លាយជាគ្រូបង្រៀនផ្នែក វប្បធម៌និងអរិយធម៌ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រហូតបានបោះពុម្ពសៀវភៅ អរិយធម៌ខ្មែរ នៅឆ្នាំ១៩៧៤។

Related posts