
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក គឺជាថ្ងៃកាន់ទុក្ខ និងជាថ្ងៃនៃការគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលព្រះអង្គបានយាងសោយទីវង្គតកាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
នៅក្នុងពិធីនៃការគោរព ព្រះវិញ្ញាណក្ខន្ធសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី «ទេពនាដវដ្ដីឯក» ដែលតម្កល់នៅវត្តបទុមវតី រាជធានីភ្នំពេញនេះដែរ គឺមានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើន ស្ថាប័នបានសម្តែងនូវការរំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះការបាត់បង់អង្គសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី «ទេពនាដវដ្ដីឯក»។
អ្វីដែលគួរអោយចាប់អារម្មណ៍ នៅក្នុងពិធីនៃការគោរពព្រះវិញ្ញាណក្ខន្ធនេះ គឺសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានប្រើរទេះរុញជំនួយព្រះកាយ ដើម្បីទទួលមន្ត្រីជាន់ខ្ពស់នានា ដែលចូលរំលែកទុក្ខ គោរពព្រះ វិញ្ញាណក្ខន្ធ របស់អង្គសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី «ទេពនាដវដ្ដីឯក»។