
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានស្នើអគ្គស្នងការរងរដ្ឋបាល រដ្ឋវេជ្ជសាស្ត្របុរាណចិន បន្តឧបត្ថម្ភគាំទ្រលើផ្នែកវេជ្ជសាស្ត្រ និងឱសថបុរាណ។ការលើកឡើងបែបនេះ នាឱកាសដែរឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យឯកឧត្តម Yan Shujiang អគ្គស្នងការរងរដ្ឋបាល រដ្ឋវេជ្ជសាស្ត្របូរាណចិន (Vice Commissioners of State Administration of Traditional Chinese Medicine) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី១៤ វិច្ឆិកានេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះទស្សនកិច្ចរបស់រដ្ឋបាល រដ្ឋវេជ្ជសាស្ត្របុរាណចិន នៃខេត្តក្វាងចូវ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់ភាគីមិត្តចិន និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្របុរាណ។
ឯកឧត្តម Yan Shujiang បានជម្រាបជូនឯកឧត្តម រដ្ឋមន្ត្រី ពីសមិទ្ធផលដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការនេះ រួមមាន បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកឱសថបូរាណ នាឆ្នាំ២០០៦ និងបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្របុរាណ នាឆ្នាំ២០១២។ កិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពផ្នែកឱសថ និងវេជ្ជសាស្ត្របូរាណកម្ពុជា ការផ្លាស់ប្តូបទពិសោធន៍ ការបណ្តុះបណ្តាល ការអភិរក្ស និងការផលិតធនធានរុក្ខជាតិឱសថ៕