
សហរដ្ឋអាមេរិក បានសន្យាផ្ដល់នាវាល្បាតបន្ថែមទៀត សម្រាប់ប្រទេសវៀតណាម ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន ពីការរំខានរបស់ចិន នៅតំបន់ទឹកជម្លោះ នៅសមុទ្រចិនខាងត្បូង។ នេះជាការបញ្ជាក់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper នៅក្នុងសន្ទរកថាបញ្ចប់មួយ នៅប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
នេះជានាវាល្បាតទីពីរ ដែលកងទ័ពជើងទឹកអាមេរិក ផ្ដល់ជូនកងទ័ពជើងទឹកវៀតណាម។ កាលពីឆ្នាំ២០១៧ អាមេរិក បានផ្ដល់នាវាល្បាតចំនួនមួយគ្រឿងរួចទៅហើយ សម្រាប់វៀតណាម ដោយផ្ដល់នាវាប្រភេទ Hamilton ។
ជាង ៤ទសវត្សរ៍មកហើយ បន្ទាប់ពីសង្គ្រាមវៀតណាមបានបញ្ចប់ ទំនាក់ទំនងរវាងអាមេរិក និង វៀតណាម មានភាពល្អប្រសើរឡើង ដោយផ្ដោតលើបុព្វហេតុរួម គឺការពង្រីកដែនអធិបតេយ្យភាពរបស់ចិន។ កាលពីខែមុន ចិនបានបញ្ជូននាវាវាស់ស្ទង់ទៅកាន់តំបន់ជម្លោះ ដែលត្រូវបានវៀតណាម ប្រកាសថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់។
កាលពីខែមេសា អាមេរិក ក៏បានបានបញ្ជូនទូកល្បាតខ្នាតតូច ៦គ្រឿងសម្រាប់វៀតណាម ដែលមានតម្លៃស្មើនឹង ១២លានដុល្លារអាមេរិក។ ទូកល្បាតទាំងនោះ ជាកាដូបន្ថែមពីលើកាដូទូកល្បាតប្រភេទ ”Metal Shark” ចំនួន ១២គ្រឿង ដែលខ្លួនបានផ្ដល់ជូនកាលពីពីរឆ្នាំមុន៕