ក្រសួងប្រកាសថា សត្វនៅភ្នំតាម៉ៅស្គមៗ មិនមែនខ្វះចំណីទេ គឺដោយសារមានវាបញ្ហាសុខភាព

បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងការមិនយកចិត្តទុកដាក់ថែរក្សាការពារសត្វព្រៃដេលស្ថិតនៅក្នុងរមរណីយដ្ឋានភ្នំតាម៉ៅ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយបំភ្លឺថា សត្វដែលស្គមស្គាំងនៅសួនសត្វភ្នំតាម៉ៅទាំងនោះ មិនមែនខ្វះចំណីដូចការរិះគន់ឡើយ។

បើតាមរបាយការណ៍របស់រដ្ឋបាលព្រៃឈើ ចេញលិខិតបំភ្លឺនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា សត្វស្គមៗទាំងនោះ គឺមានជំងឺ ហើយរដ្ឋបាលព្រៃឈើ និងអង្គការជាដៃគូចំនួន៣ បានសហការថែទាំងជាប្រចាំ។ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ គឺជាកន្លែងស្តារនីតិសម្បទារបស់សត្វ ដូច្នេះនៅពេលមានសត្វព្រៃឈឺ ជាប់អន្ទាក់ ឬអ្នកមិនចង់ចិញ្ចឹម ឬមានបញ្ហាសុខភាព ធ្លាក់ខ្លួនឈឺស្គមស្គាំង គឺគេយកទៅឲ្យមន្ត្រី និងអង្គការជាដៃគូ ជួយថែរក្សា និងព្យាបាល ដូច្នេះហើយទើបឃើញមានសត្វខ្លះនៅទីនោះ ស្គមដូចខ្វះចំណី។

នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់បន្ថែមថា ជាធម្មតា នៅសួនសត្វភ្នំតាម៉ៅ គឺមានពេទ្យមើលថែទាំជាប្រចាំ ដោយសហការជាមួយអង្គការ ជាដៃគូជាមួយរដ្ឋបាលព្រៃឈើ។ អង្គការដៃគូមាន៣ ដែលកំពុងធ្វើកិច្ចការនេះ ជាមួយសួនសត្វភ្នំតាម៉ៅ គឺ អង្គការ Wildlife Alliance, FFI និងអង្គការ Free the Bear។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ មានអាខោនហ្វេសបុក ស្លាបប៉ាកា អព្យាក្រិត្យ កាលពីថ្មីនេះ បានសរសេរថា បានអ្នកគ្រប់គ្រងសួនសត្វភ្នំតាម៉ៅ យកលុយទៅចិញ្ចឹមស្អី បានទុកឲ្យសត្វព្រៃនៅសួនសត្វមួយនេះ ក្លាយជារបៀបនេះ? ថវិកាជាតិក៏មាន លុយចំណូលអ្នកទេសចរណ៍ក៏មាន តើអភិវឌ្ឍន៍បានស្អីខ្លះហើយ? សត្វឡើងស្គមៗ ដល់ថ្នាក់សូម្បីតែសត្វជ្រូកព្រៃក៏ស្គមចេញឆ្អឹងជំនីរដែរ ចប់ហើយ មើលទៅពិតជាវេទនាភ្នែកខ្លាំងណាស់ បើថាចិញ្ចឹមពួកវាពិបាកពេក ព្រលែងពួកវាឲ្យអស់ទៅ យកពួកវាមកដាក់ក្នុងទ្រុងហើយ សូម្បីតែឲ្យគ្នារស់នៅស្រួលបន្តិចក៏មិនបានដែរ គួរតែព្រលែងពួកវាឲ្យរស់នៅតាមយថាកម្មចុះ បើយកវាមកចិញ្ចឹម ដាក់វាក្នុងទ្រុងហើយ នៅធ្វើឲ្យពួកវារស់នៅវេទនាភ្នែកយ៉ាងនេះទៀត។

ត្រូវគេយកមកដាក់ក្នុងទ្រុងរស់នៅគ្មានសេរីភាពហើយ ត្រូវរស់នៅយ៉ាងវេទនាទៀត… កុំថាឡើយភ្ញៀវទេសចរបរទេស សូម្បីតែទេសចរណ៍ខ្មែរគ្នាឯង ក៏លែងចង់ទៅលេងសួនសត្វអស់នោះដែរ ទៅលេងអី បើទៅលេងមិនបានសប្បាយចិត្តផង បែរជាបានចិត្តឈឺចាប់អាណិតសត្វព្រៃនៅនោះយ៉ាងនេះ ទៅលេងវាអី បើទៅដល់ឃើញវាវេទនាយ៉ាងនេះ យើងអ្នកទៅមើលឈឺចាប់ជំនួសពួកវាទៀត៕

Related posts