វៀតណាម គ្រោងចាយលុយជិត៨ពាន់លានដុល្លារ សម្រាប់ពង្រឹងវិស័យយោធា ត្រឹមរយៈពេល៤ឆ្នាំ

ថវិកាសម្រាប់ចំណាយលើវិស័យយោធារបស់ប្រទេសវៀតណាម នឹងកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំសរុប (CAGR) ៩,៤៣% ចន្លោះពីឆ្នាំ២០២០ ដល់ ២០២៤ នឹងឈានដល់ទំហំទឹកប្រាក់ ៧,៩ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២៤ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ និងទីផ្សារ (Research and Markets) ដែលចេញផ្សាយនៅខែមេសា ឆ្នាំ២០១៩។

របាយការណ៍នេះឱ្យដឹងថា ចន្លោះពីឆ្នាំ២០១៥-២០១៩ រដ្ឋាភិបាលវៀតណាម បង្កើនការចំណាយលើវិស័យយោធា ដល់ ៥,១ពាន់លានដុល្លារអាមេរិក ក្នុងនោះជាង ៣២ភាគរយ ចំណាយលើការទិញឧបករណ៍ធ្វើសង្គ្រាម។ ចន្លោះពីឆ្នាំ២០២០ ដល់ ២០២៤ របាយការណ៍ដដែលបង្ហាញថា វៀតណាមនឹងបន្តទិញ យន្តហោះចម្បាំង រថពាសដែក នាវាចម្បាំង នាវាល្បាត យន្តហោះល្បាត និងឧបករណ៍ឈ្លបការណ៍ ផ្សេងៗទៀត។ ក្នុងរយៈពេលដដែលនេះ ថវិកាសម្រាប់វិស័យយោធាវៀតណាម នឹងកើនឡើងពី ៥,៥ ពាន់លានដុល្លារ ដល់ ៧,៩ ពាន់លានដុល្លារ។

របាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ និងទីផ្សារខាងលើ ឱ្យដឹងផងដែរថា គិតពីឆ្នាំ២០១៤ ដល់ ២០១៨ រុស្ស៊ី ជាអ្នកផ្គត់ផ្គង់ឧបករណ៍ធ្វើសង្គ្រាមធំទីមួយ របស់វៀតណាម ឬស្មើនឹង ៧៧,៩ភាគរយ នៃការផ្គត់ផ្គង់ឧបករណ៍ធ្វើសង្គ្រាមនៅប្រទេសអាស៊ានមួយនេះ។ ចំណែកប្រភពផ្គត់ផ្គង់ផ្សេងៗទៀត មានដូចជា អ៊ីស្រាអែល (៩%) បេឡារូស (៤,១%) កូរ៉េខាងត្បូង (២,៨%) និង អ៊ុយក្រែន (២%)។

របាយការណ៍នេះបង្ហើបដែរថា ក្រសួងមហាផ្ទៃវៀតណាម ក៏នឹងចំណាយដល់ ២០,៩ពាន់លានដុល្លារអាមេរិក គិតពីឆ្នាំ២០២០-២០២៤ បើធៀបពីឆ្នាំ២០១៥-២០១៩ ចំណាយត្រឹមតែ ១២,៧ ពាន់លានដុល្លារតែប៉ុណ្ណោះ។ បញ្ហាប្រឈមធំៗ ដែលវៀតណាម កំពុងដោះស្រាយ មានដូចជា ប្រឆាំងការជួញដូរមនុស្ស បង្ក្រាបគ្រឿងញៀន និងការពារដែនទឹករបស់ខ្លួន៕

Related posts