ក្រសួងទេសចរណ៍ អះអាងថា ភ្ញៀវទេសចរបរទេសធ្លាក់ចុះ គឺមកពីភ្ញៀវជនជាតិចិនធ្លាក់ចុះ

នៅក្នុងក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ រយៈពេលត្រឹម៩ខែឆ្នាំ២០១៩នេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានលើកឡើងថា មូលហេតុដែលនាំអោយភ្ញៀវទេសចរអន្តរជាតិ ទៅទស្សនាខេត្តសៀមរាប ជាពិសេសប្រាសាទអង្គរវត្តធ្លាក់ចុះ គឺដោយសារតែភ្ញៀវជនជាតិចិន មានការធ្លាក់ចុះច្រើន។

លោកថោង ខុន បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរបរទេស ធ្លាក់ចុះក្នុងការមកទស្សនាប្រាសាទអង្គរវត្ត គឺដោយសារតែកក្តា ភ្ញៀវជនជាតិចិន ចាកចេញពីទៅក្រៅប្រទេសវិញ ដូច្នេះហើយទើបអោយមានការធ្លាក់ស្រុតចុះ ហើយក៏ជាពេលវេលាដែលសេដ្ឋកិច្ចប្រទេសចិន កំពុងជួបនូវវិបត្តិសង្គ្រាមពាណិជ្ជកម្មទល់នឹងសហរដ្ឋអាមេរិចផងដែរ។

នៅក្នុងរបាយការណ៍ បានបង្ហាញថា រយៈពេល៧ខែចុងក្រោយនៃឆ្នាំ២០១៩នេះ ភ្ញៀវទេសចរបរទេស ដែលអញ្ញើញមកប្រទេសកម្ពុជា គឺមានចំនួន៣លាន៨សែននាក់ គឺមានការកើនឡើងជាង១១% នៅក្នុងចំណោមប្រទេសចំនួន១០ ដែលមានភ្ញៀវទេសរមកទស្សនាកម្ពុជាច្រើនជាងគេ គឺភ្ញៀវជនជាតិចិន ជាប់លំដាប់ថ្នាក់លេខ១។

នៅតំបន់អាស៊ាន និងនៅលើពិភពលោក កំពុងជួបបញ្ហាធ្លាក់ចុះភ្ញៀវទេសចរចិន ទៅទស្សនានេះ នៅកម្ពុជា ភ្ញៀវទេសចរចិន បានធ្លាក់ចុះតែនៅខេត្តសៀមរាបប៉ុណ្ណោះ ប៉ុន្តែគោលដៅទេសចរណ៍ផ្សេងៗ ទៀត ដូចជា នៅរាជធានីភ្នំពេញ នៅខេត្តព្រះសីហនុ និងនៅគោលដៅទេសចរណ៍នានា មានការកើនឡើង។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា បើគិតសម្រាប់តែភ្ញៀវទេសចរចិននៅក្នុងរយៈពេល៧ខែនេះ គឺបាន កើនឡើង៣០% នៅទូទាំងប្រទេស ក្នុងនោះភ្ញៀវចិនមកទស្សនារាជធានី ភ្នំពេញ កើនឡើង២០% ទស្សនាតាមតំបន់ឆ្នេរសមុទ្រកើនឡើង៣០% ប៉ុន្តែនៅខេត្តសៀមរាប ភ្ញៀវចិនបានទៅទស្សនា ថយចុះ៩% ដែលបញ្ហានេះ រុញច្រានអោយភ្ញៀវទេសចរទៅទស្សនាខេត្តសៀមរាបអង្គរទាំងមូលមានការថយចុះផងដែរ៕

រក្សាសិទ្ធិខ្មែរថ្មី

Related posts