
ឧបនាយករដ្ឋមន្ត្រី មែ៉ន សំអន បានបញ្ជាក់ថា តាមផែនការដែលបានគ្រោងទុក ប្រជាជនកម្ពុជា និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយចំពោះចំណូលមធ្យមកម្រិតខ្ពស់វិញ នៅឆ្នាំ២០៣០។
នៅក្នុងកម្មវិធីបើកសិក្ខាសាល ស្តីពី ការត្រួតពិនិត្យ ការអនុវត្តថវិកា កម្មវិធីការប្រឈម និងទឹសដៅអនាគត់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា និងព្រឹទ្ធសភា ដែលបានប្រារព្ធនៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី១៦កញ្ញានេះ លោកជំទាវម៉ែន សំអន បានវាយតម្លៃចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់ក្រសួង ដែលបានលះបង់ និងបម្រើការងារជូនប្រជាពលរដ្ឋ ក្នុងការងារជួយផ្សព្វផ្សាយច្បាប់ និងដោះស្រាយបណ្តឹងនានា ដើម្បីពង្រឹងអភិបាលកិច្ចអោយបានល្អប្រសើរ។
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា តាមការគ្រោងទុក កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងរយៈពេល២ទសវត្សរ៍ កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនរឹងមាំក្នុងអត្រា ប្រចាំឆ្នាំប្រមាណ ៧% ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានកំណើន សេដ្ឋកិច្ច ខ្ពស់បំផុត ក្នុងសកលលោក។ ដោយឡែក ឆ្នាំ ២០១៨កន្លងទៅ អត្រាកំណើន សេដ្ឋកិច្ចកម្ពុជាសម្រេចបាន ៧,៥% ដែលជាកំណើនខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ហើយ និន្នាការ នៃ ការកំណើន ដ៏មានស្ថិរភាពនេះ អាចបន្តនៅឆ្នាំនេះ និង ឆ្នាំបន្តបន្ទាប់ទៀត ដែលអាចលើកកម្ពស់ ជីវភាព និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ ជាក់ស្តែង ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) សម្រាប់មនុស្សម្នាក់ៗ មានការកើនឡើង ប្រមាណជាង៤ដង គឺពីប្រមាណ៤១៧ដុល្លារ ក្នុងឆ្នាំ ២០០៤ ដល់ប្រមាណ១.៥៦៣ នៅ ឆ្នាំ២០១៨ ខណៈដែលអត្រា នៃភាពក្រីក្រ បានធ្លាក់ចុះពីជាង ៥៣% នៅឆ្នាំ២០០៤ មក នៅត្រឹម ប្រមាណ១៣,៤% នៅឆ្នាំ ២០១៤ និង ប្រហែល ក្នុងរង្វង់១០% នៅឆ្នាំ២០១៨។
ប្រទេសយើងក៏បានផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសដែលពឹងផ្អែកលើវិស័យ កសិកម្មទៅជាប្រទេសដែលពឹងផ្អែកលើ វិស័យ ឧស្សាហកម្ម និង សេវាកម្ម។ នៅឆ្នាំ២០១៥ កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និង កំពុងបន្តដំណើរយ៉ាងស្វាហាប់ ឈានឆ្ពោះទៅតាមគោលដៅ ដែលគ្រោងទុកថា ជាប្រទេស ដែល មានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
រក្សាសិទ្ធិដោយខ្មែរថ្មី