
នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម កាលពីថ្ងៃអង្គារ ប្រទេសវៀតណាមបានបង្កើតនូវប្រព័ន្ធទូរស័ព្ទពិសេសមួយ សម្រាប់ឲ្យប្រជាជនទូរស័ព្ទរាយការណ៍ពីការប្រព្រឹត្ដអំពើ ពុករលួយរបស់មន្ដ្រីប៉ូលិស។ ការប្រកាសដូច្នេះ ធ្វើឡើងស្របពេលវៀតណាមកំពុងបង្ក្រាបមិនប្រណីដៃ លើមន្ដ្រីដែលប្រព្រឹត្ដអំពើពុករលួយ ដោយបានចាប់ដាក់ពន្ធនាគារជាច្រើនរូប មកហើយ។
តុលាការវៀតណាមកាលពីសប្ដាហ៍មុន បានកាត់ទោសមន្ដ្រីប៉ូលិសជាន់ខ្ពស់ពីររូបផងដែរ ពីបទគ្រប់គ្រងល្បែងស៊ីសងតាមអនឡាញ ដែលទទួលបានប្រាក់ខុសច្បាប់រាប់លានដុល្លារ។ យ៉ាងណាមិញចំពោះករណីរាយការណ៍ពីការប្រព្រឹត្ដអំពើពូករលួយនេះ នឹងមិនត្រូវ ទទួល ស្គាល់ឡើយ ប្រសិនបើអ្នករាយការណ៍មិនប្រាប់ឈ្មោះពេញ អាសយដ្ឋាន និងលេខទូរស័ព្ទរបស់ពួកគេ ឬមិនបានបញ្ជាក់ពីព័ត៌មាន អាច យកជាការបានទេ។
មន្ដ្រីទទួលបន្ទុកលើកប្រព័ន្ធទូរស័ព្ទពិសេសនេះ បានបញ្ជាក់ថាពីមុនឡើយខ្សែទូរស័ព្ទ ប្រើសម្រាប់តែរាយការណ៍ពីប៉ូលិសចរាចរណ៍ ប៉ុណ្ណោះ។ ប៉ុន្ដែបច្ចុប្បន្នក៏ទទួលការរាយការណ៍ពីករណីប្រព្រឹត្ដអំពើពុករលួយ ក្នុងស្ថាប័នកងកម្លាំងប៉ូលិសទាំងមូលតែម្ដង៕