
ស្រូវចំនួនជាង២ពាន់តោន ត្រូវបានក្រុមឈ្មួញ បានសម្រុកប្រមូលទិញពីប្រជាកសិករខ្មែរនៅក្នុងខេត្តព្រៃវែង ដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាម ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តព្រៃវែងកាលពីពេលថ្មីៗនេះ។
ស្រូវជាង ២ពាន់តោននោះ ត្រូវបានដឹកចេញតាមច្រកសំខាន់ៗមួយចំនួន ដូចជា តាមច្រកស្វាយអាង៉ោ ស្រុកកំពង់ត្របែក មានចំនួនសរុប ៣០តោន, តាមច្រកបន្ទាយចក្រីស្រុកព្រះស្តេច មានចំនួនសរុប ២.០០០តោន និងតាមច្រកកោះរកា នៃស្រុកពាមជរ មានចំនួនសរុប ៣០០តោន ។
នៅក្នុងរបាយការណ៍ដដែល បានបញ្ចាក់ថា តម្លៃស្រូវ ដែលឈ្មួញវៀតណាម បានមកទិញដល់មាត់ព្រែកតាមព្រំដែនកម្ពុជា-វៀតណាម មានដូចជា ស្រូវអីអ៊ែ ៥០៤ មានតម្លៃ ៩០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្រូវស្ងួត, ស្រូវអ៊ីអ៊ែ ៥៤៥១ មានតម្លៃ ៨៦០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្រូវស្ងួត និងស្រូវអ៊ីអ៊ែ ៥០៤ មានតម្លៃ ៧៣០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្រូវស្ងួត ៕