
បច្ចុប្បន្ន គេក្រឡេកឃើញថារថយន្តPrius មានការពេញនិយមជាខ្លាំងនៅតាមបណ្តាលប្រទេសមួយចំនួននៅប្រទេសអាស៊ី ជាពិសេសប្រទេសកម្ពុជា ក៏កត់សម្គាល់ឃើញថាមានការប្រើប្រាស់ច្រើនដែរ មូលហេតុដែលនាំអោយមានអ្នកប្រើប្រាស់ចាប់អារម្មណ៍នឹងរថយន្តទំនើបមួយនេះ គឺដោយសារតែតម្លៃធូរថ្លៃ និងបំពាក់បច្ចេកវិទ្យាទំនើបថែមទៀតផង។
ថ្មីៗនេះនៅក្នុងគម្រោងសាកល្បងឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលជប៉ុន វិស្វករក្រុមហ៊ុន Toyota បានបំពាក់បន្ទះថាមពលពន្លឺព្រះអាទិត្យបង្កើតដោយក្រុមហ៊ុន Sharp Corp ទៅនឹងគម្របក្បាលមុខរថយន្ត ដំបូល បង្អួចខាងក្រោយ និង កាងនៅលើគូទឡាន ដើម្បីពិនិត្យមើលថាតើពន្លឺព្រះអាទិត្យអាចបង្កើតថាមពលបានប៉ុន្មាន។
ថាមពលអគ្គិសនីពីបន្ទះពន្លឺព្រះអាទិត្យគឺចូលទៅដោយផ្ទាល់ក្នុងអាគុយស្ងួត ដូច្នេះរថយន្ត Prius អាចសាកភ្លើងបានពេលកំពុងបើក ឬ នៅពេលចតចោល។នៅថ្ងៃមេឃស្រឡះល្អ ការសាកភ្លើងអាចគ្រប់គ្រាន់សម្រាប់ការធ្វើដំណើររហូតដល់ ៥៦ គីឡូម៉ែត្រ ច្រើនជាងចម្ងាយ ៤៧ គីឡូម៉ែត្រដែលបើកបរក្នុងមួយថ្ងៃដោយជនជាតិអាម៉េរិកាំងទូទៅ។ នេះបើយោងតាមការសិក្សារបស់មូលនិធិ AAA Foundation សម្រាប់សុវត្ថិភាពចរាចរណ៍។
ប៉ុន្តែសមត្ថភាពសាកភ្លើងនឹងធ្លាក់ចុះយ៉ាងឆាប់រហ័ស ប្រសិនបើមេឃមានពពកច្រើនពេកឬមេឃក្តៅខ្លាំងពេក។ ប្រសិនបើប្រើក្នុងការបើកបរជាក់ស្តែងក្នុងស្ថានភាពបែបនោះ រថយន្ត Prius ចាំបាច់ត្រូវតែដោតខ្សែសាកភ្លើង។បន្ទះពន្លឺព្រះអាទិត្យមានរាងស្តើងខ្លាំង គឺមានកម្រាស់ត្រឹម ០,០៣ មិល្លីម៉ែត្រប៉ុណ្ណោះ ដែលធ្វើឱ្យវាអាចដាក់ទៅល្មមនឹងតួរថយន្ត។ វិស្វករចាំបាច់ត្រូវបង្កើតទ្រនាប់ការពាររវាងឡាននិងបន្ទះពន្លឺព្រះអាទិត្យដើម្បីការពារពួកវា ដូច្នេះម៉ូឌុលបន្ទះពន្លឺព្រះអាទិត្យជាក់ស្តែងអាចមានកម្រាស់ជិតមួយសង់ទីម៉ែត្រ។