មានតែបក្សរបស់លោកខឹម វាសនា មួយប៉ុណ្ណោះ ប្រកាសគោលជំហរ មិនទទួលយកអាសនៈ របស់បក្សសង្គ្រោះជាតិ

ក្នុងចំណោម​គណបក្ស​នយោបាយ​ទាំង៦ ដែល​គណៈកម្មាធិការ​​ជាតិ​រៀបចំ​​ការ​បោះឆ្នោត នឹង​ត្រូវបែងចែក​អាសនៈរដ្ឋសភា របស់គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពីត្រូវបាន​តុលាការកំពូល​​ចេញសាលដិកា​រំលាយកាល​ពីថ្ងៃទី១៦វិច្ឆិកាកន្លងទៅ គឺមាន​តែគណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ដែ​លដឹកនាំដោយ​លោក ខឹម វាសនា មួយប៉ុណ្ណោះ ដែល​ចេញសេចក្តីប្រកាស​គោលជំហរ បដិសេធនូវ​ការទទួលយក​អាសនៈទាំងអស់ របស់​អតីតគណបក្ស​ប្រឆាំង ដែលត្រូវចាត់​ចែង​ដោយគជប។

បន្ទាប់ពីគណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ទើបទទួលលិខិត​ផ្លូវការមួយពីគជប ស្តីពីការចាត់ចែង​អនុវត្តន៍ការ​បែងចែក អាសនៈដែល​នៅទំនេរ  ក្រោយពីគណបក្ស​សង្គ្រោះជាតិត្រូវ​បានរំលាយ​ចោល ដោយតុលាកា​រកំពូល​កម្ពុជា ស្រាប់តែ​នៅថ្ងៃទី២០វិច្ឆិកា គណបក្សមួយ​នេះ បាន​ចេញសេចក្តី​ប្រកាស​ជាផ្លូវការមួយ​បញ្ជាក់ពីគោលជំហរ ទៅគជប​ បដិសេធ​ក្នុងការ​ទទួលយក​អាសនៈ​ទាំងឡាយរបស់​អតីតគណបក្សសង្គ្រោះ​ជាតិ។

នៅក្នុងលិខិត​ដដែលបាន​បញ្ជាក់ថា ឆ្លើយតបនឹងបញ្ហាខាងលើនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សូមបញ្ជាក់ចំពោះ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតថា គណបក្សនឹងមិនទទួល​យក​អាសនៈណាមួយ ដែលផ្តល់ដោយ គណៈកម្មាធិការ​ជាតិរៀបចំការបោះ​ឆ្នោតឡើយ។

សូមបញ្ជាក់ថា ក្រោយរំលាយ​គណបក្ស​​សង្រ្គោះជាតិ អាសនៈ​ចំនួន​៥៥ របស់គណ​បក្ស​នេះ នឹងត្រូវបែង​ចែកទៅ​ឱ្យ គណបក្សចំនួន៦ ដែល​បានចូលរួម​ក្នុងការ​បោះឆ្នោតជាតិ ឆ្នាំ២០១៣ ក្នុងនោះរួមមាន៖ ១.គណបក្សហ្វ៊ុនស៊ិនប៉ិច ២.គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៣.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ៤.គណបក្សខ្មែរឈប់ក្រ ៥.គណបក្សសញ្ជាតិកម្ពុជា ៦.គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។ ដោយឡែកក្នុងចំណោមគណបក្ស​នយោបាយទាំង​៦នេះ គណបក្ស​របស់លោក​ខឹម វាសនា នឹង​ត្រូវទទួល​បានអាសនៈ​ប្រហែលជា៦ នេះ​បើតាមការ​គណនារូប​មន្តថ្មីរបស់ច្បា​ប់ស្តីពីគណបក្សនយោបាយ៕

 

Related posts