ក្រសួងធម្មការ៖ ករណីព្រះអង្គហោ សុខុន ប្តឹងលោកខឹម វាសនា គឺជាបុគ្គល មិនមានជាប់ពាក់ព័ន្ធ​នឹងក្រសួងធម្មការទេ

ឯកឧត្តម សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និង​សាសនា​កម្ពុជា បាន​ធ្វើការ​ច្រានច្រោល នូវព័ត៌មាន​មួយ​ចំនួន​ដែលបាន​ចោទប្រកាន់ថា ក្រសួងធម្មការ​ជា​អ្នក​នៅពីក្រោយ បណ្តឹង​របស់ព្រះអង្គ​ហោ សុខុន ប្តឹងលោកខឹម វាសនា ប្រធានគណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧​ វិច្ឆិកាម្សិលមិញ ដោយលោកអះអាងថា នេះជារឿងជម្លោះបុគ្គល​រវាងភាគី​ទាំងពីរ​អង្គ/នាក់​តែប៉ុណ្ណោះ មិនមាន​ជាប់ពាក់ព័ន្ធ​អ្វីនឹង​ក្រសួង​ធម្មការឡើយ។

ការមិនសុខ​ព្រម​របស់ព្រះអង្គ​ហោ សុខុន ចំពោះ​ទង្វើ​​លោកខឹម វាសនា បាន​ធ្វើឲ្យ​កើតមាន​ ជាចលនាប្រមូល​ស្នាមមេដៃ​ពីប្រជាពលរដ្ឋ និង​ព្រះសង្ឃ ទូទាំង​ប្រទេសកម្ពុជា នៅទី​តាមវត្តអារាម​មួយចំនួន ក្នុងរាជធា​នីភ្នំពេញ និងនៅតាម​បណ្តាល​ខេត្តនានា បានឈានដល់​ការប្រមូលស្នាមមេដៃទាំងនោះ យកមកភ្ជាប់ជាមួយនឹង​ពាក្យបណ្តឹង របស់​ព្រះចៅធិការ​វត្តច្បារអំពៅ និងព្រះគ្រូសូត្រ​ឆ្វេងនៅ​វត្តសន្តិភាព ប្តឹងលោក ខឹម វាសនា ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧វិច្ឆិកានេះ លើបទល្មើសចំនួន៩។

សំលេងឯកឧត្តម សេង សុមុនី៖

ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់ព្រះអង្គហោ សុខុន និង​ព្រះអង្គមាស រីណា ដែល​បានផ្សារភ្ជាប់​ខ្លួន​ទាំងពីរ​ព្រះអង្គ​ទៅ​នឹងក្រសួងធម្មការ និងសាសនា នា​ពេលកន្លង​មក និង​បង្កើត​ធ្វើចលនា​តាមរយៈបណ្តាញសង្គម​នានា ដើម្បី​គៀងគរ​ប្រមូល​ស្នាមមេ​ដៃពីប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ ឲ្យ​ចូលរួម​ក្នុងសកម្ម​របស់ព្រះអង្គ ដើម្បីប្រឆាំង ​នឹងទង្វើរបស់លោកខឹម វាសនា នាពេលកន្លងមកនោះ នៅថ្ងៃទី២៨វិច្ឆិកានេះ​ ឯកឧត្តមសេង សុមុនី បាន​ប្រាប់អ្នកសារព័ត៌មាន​ខ្មែរថ្មីថា  “ក្រសួងមិនដែលអនុញ្ញាត ឬប្រឹក្សាយោបល់ណា​មួយ ដល់ព្រះអង្គ​ហោ សុខុន ក្នុងសាច់រឿង​ប្រមូលស្នាមមេដៃប្តឹងលោក ខឹម វាសនា​នេះទេ​។ មិនថែម​ប៉ុណ្ណោះ ឯកឧត្តម​បានបញ្ជាក់ថា សកម្មភាព​របស់ព្រះអង្គហោ សុខុន គឺគ្រាន់​តែជា​រឿង​សិទ្ធិបុគ្គល នឹងបុគ្គលតែប៉ុណ្ណោះ មិនមានជាប់ពាក់​ព័ន្ធ នឹងក្រសួងធម្មការ និងសាសនានោះឡើយ”

សំលេងឯកឧត្តម សេង សុមុនី៖

ឯកឧត្តម សេង សុមុនី បានបន្ថែម​ទៀងថា “ករណីស​កម្មភាព​នយោបាយ​របស់ លោកខឹម វាសនា នាពេលកន្លងមក គឺជា​សិទ្ធសេរីភាព​នៃការ​បញ្ចេញមតិ ប៉ុន្តែ​ពាក្យ​សម្តីទាំង​​នោះ​​បានធ្វើ​ឲ្យមាន​ការប៉ះពាល់ ដល់ព្រះសង្ឃ​មួយចំនួន ទើប​ធ្វើឲ្យ​មានកា​រប្រឆាំង​ទាមទារពីសំណាក់ព្រះសង្ឃ​ដែលមិនពេញ​ចិត្ត​ចំពោះទង្វើ​លោក ខឹម វាសនា តាមរយៈផ្លូវ​ច្បាប់ និងសកម្មភាព​តវ៉ាផ្សេងៗ ដែលនេះជា​សិទ្ធសេរីភាព​របស់បុគ្គលម្នាក់ៗ ក្នុងការពេញ​ចិត្ត ឬមិនពេញចិត្ត​ចំពោះ ទង្វើ​អ្នកដទៃ ដែលប៉ះពាល់ដល់សិទ្ធិបុគ្គល​”

សូមបញ្ជាក់ថា ជម្លោះរវាង​ព្រះអង្គ​ហោ សុខុន និងលោក ខឹម វាសនា គេសង្គេត​ឃើញថា កើតមាន​តាំងពី​ឆ្នាំ២០១៥មកម្ល៉េស ដោយ​ព្រះអង្គបាន​ធ្វើការ​តវ់ាឲ្យ​ប្រធានចលនា​នយោបាយរូបនេះ ចេញមុខ​សុំទោស ព្រះសង្ឃ​គ្រប់អង្គជាសាធារណៈ និង​ធ្លាប់​លើក​យក ករណី​​លោក ខឹម វាសនា ធ្វើ​ជារបៀបវារៈ ក្នុង​កិច្ច​ប្រជុំមហា​សន្និបាត អនុសំវច្ចរៈសង្ឃទូទាំងប្រទេស​ទៀតផង​ក្នុងអំឡុង​ចុងឆ្នាំ​២០១៥។ ប៉ុន្តែមក​ដល់ពេលនេះ គេមិនទាន់​ឃើញមាន​ចំណាត់ការ​ណាមួយពីរដ្ឋអំណាច​ពាក់ព័ន្ធមកលើ ប្រធាន​បក្សរូបជួងមួយនេះ​នៅឡើយ​នោះទេ។

ការតតាំង​ទាមទារ​ពីសំណាក់ព្រះអង្គ​ហោ​ សុខុន ចេះតែកើត​មាន​ជាហូរហែល រហូតមួយរយៈចុងក្រោយនេះ ​កើត​មាន​នូវចលនា​​ប្រមូលស្នាម​មេដៃ ពីប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន ដោយ​ព្រះអង្គចៅ​អធិការវត្តច្បារអំពៅ បាន​បើកធ្វើសន្និសីទ​កាសែតផ្លូវការ​មួយ កាលពីថ្ងៃទី២៧កក្កដា​កន្លងទៅ។ ស្ថិតក្នុងក្រសែរភ្នែក​អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ នៅថ្ងៃទី២៧វិច្ឆិកា គឺជាថ្ងៃ​គម្រប់​អាយុ៤ខែ នៃយុទ្ធនាការ​ប្រមូលស្នាមមេ​ដៃ​ សម្រាប់ប្តឹង​លោក ខឹម វាសនា ទៅក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការ​ជាបន្ទាប់មក​លើមេបក្សរូបនេះ។ ក៏ប៉ុន្តែព្រះអង្គ​មិនបានបញ្ជាក់​ពីចំនួន​តួលេខ​សរុប នៃស្នាមមេដៃ​ ដែលប្រមូល​បានទាំង​នោះ ដល់សាធារណជន​ឲ្យបាន​ដឹងនោះទេ។

យ៉ាងណាមិញ លោក​ ​ខឹម វាសនា​ ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​​ប្រជាធិបតេយ្យ​ ក៏ធ្លាប់​ត្រូវ​បាន​​ប្រជាពលរដ្ឋ​ម្នាក់​ប្ដឹង​​ទៅ​តុលាការ​ពី​​បទ​ជេរ​ប្រមាថ​ ​និង​បាន​ទាមទារ​​ឲ្យ​ប្រធាន​គណបក្ស​នេះ​ ​សុំទោស​​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ កាលពីថ្ងៃ​ទី១២​ ​ខែ​មិថុនា​ ​ឆ្នាំ២០១៧កន្លងទៅ​ ​​​ដោយ​​ឈ្មោះ​ ​សុច សឿង​ ​ប្ដឹង​​ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ​​ដែល​ប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃទី​១២​ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ​និង​ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​ក្នុង​​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​​យ៉ាង​បើក​ចំហ៕

 

Related posts