ព្រះអង្គហោ សុខុន ប្តឹងលោក ខឹម វាសនា ទៅក្រសួងមហាផ្ទៃ ពីបទធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា

ព្រះអង្គហោ សុខុន ព្រះចៅអធិការវត្ត​ច្បារអំពៅ​ និងជាទីប្រឹក្សាផ្ទាល់​សម្តេច​​ព្រះអគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស បាន​ប្រមូលស្នាម​មេដៃ​ប្រជាពលរដ្ឋ និងព្រះសង្ឃ​ជាច្រើនអង្គ​នាក់ ប្តឹង​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​ហៅកាត់ថា LDP ទៅក្រសួង​មហាផ្ទៃ ពីបទ ញុះញង់​ឲ្យមាន​បដិវត្តន៍​ពណ៌​ផ្តួល​រំលំរាជរដ្ឋាភិបាល​​កម្ពុជា ក្នុងចំណោម​​ករណីជា​ច្រើន​​ផ្សេងទៀត។ នេះបើយោង​ទៅ​លើពាក្យ​​បណ្តឹង​រ​បស់​ព្រះអង្គ ដែល​សារព័ត៌មាន​​ខ្មែរថ្មីទទួលបាន​ក្នុង​ថ្ងៃនេះ។

នៅថ្ងៃទី២៧វិច្ឆិកាឆ្នាំ២០១៧នេះ ព្រះអង្គហោ សុខុន បានដឹក​នាំព្រះសង្ឃជា​ច្រើនអង្គ ដើម្បីដាក់ពាក្យ​ប្តឹងលោកខឹម វាសនា ប្រធាន​គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិប​តេយ្យ ទៅក្រសួង​មហាផ្ទៃ​ ពីបទ សាប​ព្រោះ​វប្បធម៌ជេរប្រមាថ​ជាសាធារណៈ, ប្រមាថអង្គ​ព្រះមហាក្សត្រ, ញុះញង់​បំបែក​បំបាក់​ជាតិខ្មែរ, ប្រមាថ​ស្ថាប័ន​ព្រះសង្ឃ, ចោទរាជរដ្ឋា​ភិបាល​សម័យនេះ ថាធ្វើឲ្យបាត់​បង់​កោះត្រល់, ញុះញង់ឲ្យ​មាន​បដិវត្តន៍​ផ្តួលរំលំរាជរ​ដ្ឋាភិបាល, ប្រមាថជាតិសាសន៍​ពូជខ្មែរ, ចេតនា​បំផ្លាញ​ព្រះពុទ្ធសាសនា​នៅកម្ពុជា។ ដោយមាន​ភ្ជាប់នូ​វភស្តុតាង​ជាវិដេអូជា​មួយទៀតផង។

សំលេងព្រះអង្គហោ សុខុន៖

ព្រះអង្គ​ចៅអធិការវត្ត​ច្បារអំពៅ ហោ សុខុន ត្រូវបាន​អ្នកនិយម​ប្រើប្រាស់​បណ្តាញ​សង្គមហ្វេស​​ប៊ុកស្គាល់ថា ព្រះអង្គតែ​ង​តែត​តាំងជា​មួយលោក ខឹម វាសនា ជាច្រើន​លើកជាច្រើន​សារ​​នៅលើទំព័រ​បណ្តាញ​សង្គម​មួយនេះ រហូត​ចេញជាសកម្មភាព​ចុងក្រោយ​ ព្រះអង្គ​បានអំពាវនាវ នឹង​គៀង​គរប្រមូល​ស្នាមមេដៃ​ពី ប្រជាពលរដ្ឋ​ខ្មែរ​ដែលស្រលាញ់ និងមានភាពជឿរជាក់​លើ​ព្រះពុទ្ធសាសនា ដើម្បីប្តឹង​​លោក ខឹម វាសនា ទៅក្រសួង​​មហាផ្ទៃ ឲ្យ​​​ចាត់វិធាន​​ការ​​​សមស្រប​​មួយ​ទៅនឹង​ទង្វើ​ជាក់ស្តែ​​របស់មេបក្ស​រូបនេះ។ ក្នុងរយៈពេល ថ្ងៃចាប់​ផ្តើមនៃ​ការប្រមូលស្នាម​មេដៃ​រហូតដល់​ថ្ងៃដាក់​បណ្តឹងនេះ ​គឺមាន​ចំនួន​៤ខែកន្លង​មកហើើយ ប៉ុន្តែព្រះអង្គ​មិនបាន​បង្ហាញចំនួន​ស្នាមមេ​ដៃពិតប្រាកដ​នោះទេ ដោយសុំលាក់ព័ត៌​មានតួ​លេខ​ស្នាមេដៃ​ទាំងអស់​នោះសិន ដោយរង់ចាំមើល​និតិវិធី ពីក្រសួងមហា​ផ្ទៃជាមុនសិន។

នៅក្នុងពាក្យ​បណ្តឹង​របស់ព្រះអង្គម្ចាស់​ហោ សុខុន បានបញ្ចាក់ថា លោក ខឹម វាសនា បានកសាង​បទល្មើស​ជាច្រើនក្នុងរយៈ​ពេល៥-៦ឆ្នាំចុងក្រោយ​នេះ ដោយព្រះអង្គបាន​រកឃើញ​បទល្មើសទាំង​នោះ​មានចំនួន៩ ដែល​សុទ្ធសឹងតែជាបទ​ល្មើស ដែលមាន​ទម្ថន់​ទោសធ្ងន់ធ្ងរ​ក្នុងក្រមព្រហ្មទណ្ឌ​ នៃព្រះរាជាណាចក្រកម្ពុជា។​

ចំពោះលោក ខឹម​ វាសនា ប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ដែលរង​ការចោទប្រកាន់​ពីព្រះអង្គហោ សុខុន នេះវិញ ហាក់​បីមានភាព​ស្ងប់ស្ងាត់ តាំងពី ក្រោយព្រឹត្តិការណ៍ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្គាត់ អាណិត្តទី៤ នេះរួចមក ទាំងនៅ​លើបណ្តាញសង្គម​ហ្វេសប៊ុក និងនៅលើទី​លាននយោបាយ​កម្ពុជា។ មកទល់នឹងពេល​នេះ គេមិនទាន់​ឃើញមានការ​ប្រតិកម្មណា​មួយទាក់ទង​នឹងពាក្យបណ្តឹងរ​​បស់ព្រះអង្គហោ សុខុន ពី​មេបក្សរូបនេះ​នៅឡើយនោះ​ទេ​ រីឯជំហរគណបក្ស​ទាំងមូលក៏មិនទាន់ឃើញ​មានការបញ្ជាក់​យ៉ាងណា​មួយ​ដែរ។

នៅចំពោះមុខ​អ្នកសារព័ត៌មាន​ជាច្រើននាក់ នៅច្រក​ចេញពីក្រសួង​មហាផ្ទៃ ព្រះអង្គហោ សុខុន បន្ទាប់ពី​បានដាក់​ពាក្យ​បណ្តឹង និងភស្តុតាង​ជូនប្រធាន​​នាយកដ្ឋាព្រហ្មទណ្ឌ​​ក្រសួងមហាផ្ទៃ រួចរាល់ហើយ ព្រះអង្គ បាន​អានពាក្យបណ្តឹង​ទាំងស្រុង ហើយ​​ព្រះអង្គក៏បានប្រកាស​ជំហរថា ព្រះអង្គនឹង​មិនធ្វើសកម្មភាព​ប្រមូលស្នាមមេដៃ ពីប្រជាពលរដ្ឋ​ខ្មែរជាបន្តទៅទៀត​នោះទេ ពីព្រោះការ​ប្រមូលមេដៃ​នាពេលកន្លងមក គឺគ្រាន់តែ​ជាគ្រឿងផ្សំ នៃពាក្យ​បណ្តឹងប៉ុណ្ណោះ។ យ៉ាងណា​ក៏ដោយ ព្រះអង្គហោ សុខុន បានសង្ឃដិកា​អះអាងថា ម្ចាស់បណ្តឹង ប្តឹង​លោក ខឹម វាសនា លើកនេះ មិនមែនមាន​តែព្រះអង្គតែមួយ​អង្គឯងនោះទេ គឺមាន​ព្រះអង្គ មាស រីណា ជាចៅអធិការ​វត្តសន្តិភាព ខេត្តស្វាយរៀង ក៏បាន​ចូលរួមដាក់​ពាក្យប្តឹងដែរ។

សូមបញ្ជាក់ថា លោក​ ​ខឹម វាសនា​ ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​​ប្រជាធិបតេយ្យ​ ក៏ធ្លាប់​ត្រូវ​បាន​​ប្រជាពលរដ្ឋ​ម្នាក់​ប្ដឹង​​ទៅ​តុលាការ​ពី​​បទ​ជេរ​ប្រមាថ​ ​និង​បាន​ទាមទារ​​ឲ្យ​ប្រធាន​គណបក្ស​នេះ​ ​សុំទោស​​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ។​ ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី១២​ ​ខែ​មិថុនា​ ​ឆ្នាំ២០១៧កន្លងទៅ​ ​ដែល​ដាក់​ទៅ​អយ្យការ​​អម​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​ ​​ប្ដឹង​​ដោយ​​ឈ្មោះ​ ​សុច សឿង​ ​សរសេរ​ថា​ ​សុំ​ប្ដឹង​​ឈ្មោះ​ ​ខឹម វាសនា​ ​ជា​ប្រធាន​គណបក្ស​​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ​ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ​​ដែល​ប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃទី​១២​ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ​និង​ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​ក្នុង​​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​​យ៉ាង​បើក​ចំហ៕

 

 

 

 

Related posts