សម្តេចហ៊ុន សែន ចាត់ទុក លោកត្រាំ ជាមនុស្សគួរឱ្យគោរព ដែលមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងប្រទេសដទៃ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបទំនាក់ទំនងជាមួយគ្នាប្រកបដោយភាពស្និទស្នាល ដែលនេះបង្ហាញពី មិត្តភាពថ្នាក់ដឹកនាំកម្ពុជា និង អាមេរិក ហើយទំនាក់ទំនងផ្លូវការនេះ មានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រជាជនយើងទាំងពីរ។រូបភាពនៃការជួបប្រាស្រ័យទាក់ទងគ្នានេះ ធ្វើឡើងក្នុងឱកាសបើកសម័យប្រជុំកំពូលអាស៊ាន ក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីន។

នៅក្នុងជំនួបកំពូល អាស៊ាន-អាមេរិក សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែង ទៅកាន់លោកដូណាល់ត្រាំ នៅចំពោះមុខមេដឹកនាំអាស៊ានជាច្រើនរូបថា លោកដូណាល់ត្រាំ ប្រធានាធីបតីជាមនុស្សដ៏អស្ចារ្យសម្រាប់សម្តេច ហើយសម្តេចបានចាត់ទុក លោកដូណាល់ត្រាំ ជាប្រធានាធិបតេយ្យសហរដ្ឋអាមេរិកតែម្នាក់គត់ ដែលមានជំហរមិនជ្រៀតជ្រែកដែនអធិបតេយ្យប្រទេសដទៃ ។

ការឆ្លើយតបរបស់សម្តេចតេជោហ៊ុនសែនបែបនេះ គឺធ្វើឡើងបន្ទាប់ពី លោកដូណាល់ត្រាំ បានបង្ហាញពីគោលនយោបាយរបស់ខ្លួនដែលមិនជ្រៀតជ្រែកដែនអធិបតេយ្យប្រទេសដទៃ ដោយបញ្ជាក់ថា « សហរដ្ឋអាមេរិកគោរពឯករាជ្យភាព និងអធិបតេយ្យនៃប្រទេសជាតិ របស់អ្នក។ យើងចង់ឲ្យអ្នកខ្លាំង រីកចម្រើន និងមានឯករាជ្យ ដោយខ្លួនឯង ចាក់ឬសជ្រៅក្នុងតម្លៃប្រវត្តិសាស្ត្ររបស់អ្នក និងប្រឹងប្រែងដើម្បីអនាគតល្អប្រសើ នៃប្រជាជនអ្នក។ នេះគឺជាអ្វីដែលយើងប្រឹងប្រែងទាំងអស់គ្នា ហើយរីកចម្រើនជាមួយគ្នា និងភាពជាដៃគូពិត និងជាដៃគូយូអង្វែង»។

ជុំវិញការលើកឡើងបែបនេះ សម្តេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា ឯកឧត្តមជាមនុស្សដ៏អស្ចារ្យ ហើយជាមនុស្សដែលខ្ញុំគោរពបំផុត ហើយ ខ្ញុំចង់ជម្រាបជូនឯកឧត្តមថា សហរដ្ឋអាមេរិក បើអនុវត្តន៍តាមគោលនយោបាយថ្មីរបស់ឯកឧត្តម ក្នុងការគោរពឯករាជ្យ និងអធិបតេយ្យភាពនៃប្រទេសដទៃ អាមេរិកនឹងមានមិត្តភក្តិច្រើនណាស់ ហើយគេគោរព និងស្រឡាញ់ ព្រោះថា រដ្ឋកាលមុនៗគេបានប្រើប្រាស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ យើងខ្ញុំជាជនរងគ្រោះម្តងហើយម្តងទៀត។ ឥឡូវកំពុងបន្តក្លាយជាជនរងគ្រោះដោយសារតែសកម្មភាពរបស់អ្នកខាងក្រោម ដែលដើរខុសពីបន្ទាត់នយោបាយរបស់ឯកឧត្តម»។

ជុំវិញចំណុចនេះ សម្តេចតេជោ ក៏បានស្នើដល់លោកដូណាល់ត្រាំ ពិនិត្យមើលឡើងវិញលើមន្ត្រីថ្នាក់ក្រោមទាំងឡាយដែលកំពុងដើរខុសពីគោលការណ៏របស់ប្រធានាធីបតី ដោយសម្តេចតេជោ លើកជាឧទាហរណ៏ជាក់ស្តែងថា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បាននឹងកំពុងដើរផ្ទុយពីបន្ទាត់នយោបាយរបស់លោក ដូណាល់ ត្រាំ ហើយកំពុងតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ពាក់ពន្ធ័នឹងទំនាក់ទំនងរវាងកម្ពុជា អាមេរិក សម្តេចក៏បានស្នើសុំជាថ្មីទៅកាន់លោកដូណាល់ត្រាំ ប្រធានាធីបតីអាមេរិក ពិចារណាជាថ្មីម្តងទៀត ឱ្យលុបបំណុលដែលកម្ពុជាជំពាក់អាមេរិកនៅសម័យសង្គ្រាម ដោយពន្យល់ថា ការជំពាក់បំណុលនេះ បានធ្វើឱ្យប្រទេសកម្ពុជារងគ្រោះដោយគ្រាប់បែកនិងសង្គ្រាម ហើយបំណុលនេះ ប្រៀបបានដូចជាការយកញញួរមកវៃកម្ពុជាហើយ តម្រូវឱ្យកម្ពុជាសងថ្លៃញញួរថែមទៀត។

គួររំលឹកថា សម្តេចតេជោហ៊ុនសែន ជាមេដឹកនាំនៅទ្វីបអាស៊ីតែម្នាក់គត់ ដែលបានទស្សន៍ទាយ និងបង្ហាញទស្សនៈវិជ្ជមាន ចំពោះបេក្ខភាពលោកដូណាល់ត្រាំ ដោយបញ្ជាក់ថា សម្តេចចង់ឲ្យលោកត្រាំឈ្នះឆ្នោត ព្រោះកាលណាត្រាំឈ្នះ ពិភពលោក និងប្រសើរឡើងជាងសព្វថ្ងៃនេះ ពិសេសសេដ្ឋកិច្ច ព្រោះត្រាំជាពាណិជ្ជករ។ ការប្រកាសរបស់សម្តេចតេជោ ចង់ឃើញលោកដូណាល់ត្រាំឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកនេះ បានធ្វើឡើង កាលដើមខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ។ ហើយនៅថ្ងៃទី ១១ វិច្ចកា ឆ្នាំ២០១៦ សម្តេចហ៊ុនសែនបានថ្លែងយ៉ាងដូច្នេះថា «គឺឈរលើនយោបាយ ជាសកលរបស់ពិភពលោកទាំងមូល ដោយសម្តេចឃើញថា លោក ត្រាំ គាត់មាននយោបាយ ជាអ្នកពាណិជ្ជកម្ម ជាអ្នកជំនួញ មិនសូវជាចូលចិត្ត និងលូកលាន់ការងារសង្គ្រាមទេ ដូច្នេះអាចធ្វើឱ្យពិភពលោកមានស្ថេរភាព មានសន្តិភាព។»

គួរចាប់អារម្មណ៏ផងដែរថា ការជួបប្រាស័យទាក់ទងរវាងសម្តេចតេជោ ជាមួយលោកដូណាល់ ត្រាំ នៅក្នុងប្រទេសហ្វីលីពីន បានធ្វើឡើងនា វិច្ឆិកា ដូចនេះ គឺមានរយៈពេលមួយឆ្នាំគត់ ដែលកាលពីឆ្នាំមុននោះ សម្តេចបានគាំទ្របេក្ខភាពលោកដូណាល់ ត្រាំ ឱ្យឈ្នះឆ្នោត ហើយ ឆ្នាំនេះសម្តេចតេជោ បានជួបលោកដូណាល់ត្រាំក្នុងនាមជាមេដឹកនាំប្រទេសដូចគ្នា។

ដោយឡែកក្រៅពីរជួបសំណេះសំណាលជាមួយលោកដូណាល់ត្រាំ សម្តេចតេជោ ហ៊ុនសែន ក៏មានជំនួបយ៉ាងសិ្នទស្នាល ជាមួយបណ្តាមេដឹកនាំនៃបណ្តាប្រទេសលើពិភពលោកផ្សេងៗទៀតដែរ រួមទាំងមេដឹកនាំដែលវ័យចំណាស់ ក៏ដូចជាមេដឹកនាំដែលមានវ័យក្មេង ដែលបង្ហាញ ឱ្យឃើញពីមោទនភាពមួយរបស់កម្ពុជា ដែលមានមេដឹកនាំដ៏ឈ្លាសវៃ និងឈរស្មើមុខស្មើមាត់ និងទទួលស្គាល់នៅ ទូទាំង ពិភពលោក៕

Related posts