ពលរដ្ឋថៃរាប់ពាន់នាក់ សម្រុកទៅចូលរួមព្រះរាជពិធី ថ្វាយព្រះភ្លើង អតីតព្រះមហាក្សត្រ

បន្ទាប់ពីឈរតម្រង់ជួរនៅកណ្ដាលវាល ក្រោមភ្លៀងខ្យល់និងកំដៅរស្មីព្រះអាទិត្យជាច្រើនថ្ងៃមក, ពលរដ្ឋថៃរាប់ពាន់នាក់ត្រូវបានអនុញ្ញាតអោយចូលរកកន្លែងសមគួរនៅជុំវិញទីតាំងសម្រាប់ពិធីថ្វាយព្រះភ្លើងព្រះសពព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត។

អ្នកដែលតម្រង់ជួរទាំងនោះត្រូវធ្វើដំណើរយឺតៗឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យសុវត្ថិភាពដែលនៅជុំវិញទីតាំងនោះ ខណៈដែលមានអ្នកខ្លះបានព្យាយាមចូលទៅកាត់ជួរមនុស្សដែលកំពុងតម្រង់ជួរក៏មាន។

ព្រះរាជពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាឌេត នឹងត្រូវធ្វើឡើងក្នុងរយៈពេល៥ថ្ងៃ ដោយចាប់ផ្ដើមពីយប់ថ្ងៃពុធនេះទៅជាមួយពិធីបែបសាសនានៅក្នុងព្រះបរមរាជវាំងជាកន្លែងដែលព្រះបរមសពរបស់ព្រះមហាក្សត្រថៃត្រូវបានតម្កល់នៅទីនោះចាប់តាំងពីព្រះអង្គបានសោយទិវង្គតកាលពីមួយឆ្នាំមុនមក។

កម្មវិធីដ៏ធំនៅក្នុងពិធីថ្វាយព្រះភ្លើងនោះគឺនៅថ្ងៃព្រហស្បតិ៍ដែលនៅពេលនោះនឹងមានក្បួនដង្ហែព្រះកោដ្ឋនៅលើរទេះសេះមាសក្នុងរយៈពេលជាច្រើនម៉ោង និងដ៏ឱឡារិក។

មន្ត្រីថៃបាននិយាយថា ពលរដ្ឋថៃប្រហែល២៥ម៉ឺននាក់ត្រូវបានគេរំពឹងនឹងមកចូលរួមព្រឹត្តិការណ៍ថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃដោយផ្ទាល់។ ព្រឹត្តិការណ៍នេះក៏នឹងផ្សាយផ្ទាល់តាមទូរទស្សន៍នៅទូទាំងប្រទេស និងអន្តរជាតិផងដែរ។

អតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត បានគ្រងរាជ្យអស់រយៈពេល៧០វស្សា ហើយព្រះអង្គបានសោយព្រះទិវង្គតក្នុងព្រះជន្ម៨៨វស្សាកាលពីឆ្នាំ២០១៦។

ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម ម៉ាហា វ៉ាជីរ៉ាលុងកន បានស្នងរាជ្យបន្តពីព្រះអង្គ៕

Related posts