កុមារជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ទទួលបានការអប់រំ ក្នុងជំរំជនភៀសខ្លួន នៅបង់ក្លាដែស

អង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិកំពុងផ្ដល់ឱកាសអប់រំទៅដល់កុមារជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ានៅតាមថ្នាក់រៀនរាប់រយដែលត្រូវបានបង្កើតឡើងនៅក្នុងជំរំជនភៀសខ្លួនក្នុងសង្កាត់ខក់បាស្សារ (Cox’s Bazar) ក្នុងប្រទេសបង់ក្លាដែស។

មន្ត្រីនាំពាក្យអោយអង្គការមូលនិធិកុមារបាននិយាយថា ក្រុមអ្នកអប់រំកំពុងបង្រៀនភាសាភូមា, អង់គ្លេស និងមុខវិជ្ជាគណិតវិទ្យានៅតាមថ្នាក់នីមួយៗដែលមានកុមារជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា៣៧នាក់ដោយសង្ឃឹមថាកូនសិស្សទាំងនោះអាចមានអនាគតភ្លឺស្វាង និងអាចរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិត។

បច្ចុប្បន្ននេះ កុមារជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាជិត៣៤ម៉ឺននាក់កំពុងតែរស់នៅក្នុងស្ថានភាពដែលត្រូវការការជួយសង្គ្រោះបន្ទាន់នៅក្នុងជំរំនានាក្នុងសង្កាត់ខក់បាស្សារ (Cox’s Bazar) ក្នុងប្រទេសបង់ក្លាដែស ដោយមិនមានម្ហូបអាហារគ្រប់គ្រាន់, ទឹកស្អាត និងការថែទាំសុខភាពនោះទេ។

ជារៀងរាល់សប្ដាហ៍ កុមាររហូតដល់ទៅជាង១ម៉ឺន២ពាន់នាក់បានធ្វើដំណើរមកដល់ជំរំជនភៀសខ្លួនទាំងនោះបន្ទាប់ពីរត់ភៀសខ្លួនចេញពីអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា ហើយជារឿយៗពួកគេនៅតែមានភាពតក់ស្លុតដោយសារតែអំពើឃោរឃៅដែលពួកគេបានជួបប្រទះ។

ជារួម ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត៦០ម៉ឺននាក់ហើយបានចាកចេញពីរដ្ឋរ៉ាក់ខាញស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីថ្ងៃទី២៥ ខែសីហាមក នៅពេលដែលកងទ័ពមីយ៉ាន់ម៉ាបានចាប់ផ្ដើមប្រតិបត្តិការបោសសំអាតក្រុមបះបោររ៉ូហ៊ីងយ៉ាងបន្ទាប់ពីពួកគេបានវាយប្រហារទៅលើប៉ុស្តិសន្តិសុខ។

ប៉ុន្តែអង្គការសហប្រជាជាតិបាននិយាយថាប្រតិបត្តិការនោះគឺជាយុទ្ធនាការបោសសំអាតផ្ដាច់ពូជជនជាតិភាគតិច៕

Related posts