
ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ កាលពីថ្ងៃទី៦កក្កដានេះ ទាក់ទងនឹងការបង្គាប់ឲ្យស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្នុងស្រុកទាំងអស់ឈប់ចាក់ផ្សាយចំរៀង២បទជាបន្ទាន់ គឺបទសុីបានចេះតែសុីទៅ និងបទទាល់តែយូទើបសុីអូនបាន។
បន្ទាប់ពីមានការរិះគន់យ៉ាងពេញទំហឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ទៅលើបទចំរៀង២បទ គឺបទ សុីបានចេះតែសុីទៅ ច្រៀងដោយលោក កែវ វាសនា ក្នុងផលិតកម្មសាន់ដេ និងមួយបទទៀតដែលច្រៀងតបនឹងបទទី១ គឺមានចំណងជើងថា ទាល់តែយូទើបសុីអូនបាន ច្រៀងដោយ ម៉ាលីស ក្រសួងព័ត៌មានបានចេញលិខិតផ្លូវការមួយឲ្យស្ថានីយ៍ផ្សព្វផ្សាយទាំងអស់ឈប់ចាក់ផ្សាយចំរៀងនេះជាបន្ទាន់ទូទាំងប្រទេសភ្លាមៗដែរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកបទចំរៀងទាំង២បទនេះ គឺធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃវប្បធម៌ជាតិ និងមានអត្ថន័យប្រាសចាកអំពីសីលធម៌ខ្មែរយ៉ាងធ្ងន់ធ្ងរ។