លោកកឹម​ សុខា៖ សូមធ្វើឱ្យអ្នកដទៃទៀត​ទទួលបាន​ សេច​ក្ដីសុខ​​ផងទើបហៅថាសន្ដិភាពពិតស្ថិតស្ថេរ

លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះជាតិ បានចេញ​ពីបន្ទប់ក្នុង​​ទីស្នាក់ការ​គណបក្ស​​សង្គ្រោះជាតិ​​ដើម្បីដឹកនាំរៀបចំ​សូត្រមន្ត និងបង្សុកូល រំលឹកវិញ្ញាណ​ក្ខន្ធដល់អ្នកដែល​បានបាត់បង់​ជីវិត ក្នុងថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។ ក្នុងកម្មវិធី​ដែលបានប្រារព្ធ​ធ្វើនៅទីស្នាក់ការ​គណបក្សសង្គ្រោះ​​ជាតិ​កាលពីព្រឹកមិញនេះ លោក កឹម សុខា បានលើកឡើងនៅក្នុង​ហ្វេស​ប៊ុក​របស់​លោកថា ខ្ញុំសូមអំពាវនាវ ដល់អ្នកទាំងឡាយ​ណា ដែលថាខ្លួនបានសេច​ក្ដីសុខសប្បាយ​ហើយ សូមធ្វើឱ្យអ្នកដទៃទៀត​ទទួល​បាន​សេចក្ដី​សុខ​ផងដែរ ទើបហៅថា សន្ដិភាព​ពិតស្ថិតស្ថេរ។ ការលើកឡើង​បែបនេះ គឺជាភាសា​ទាល់ច្រក ដែលហាក់​ដូចជាបានបង្កប់ន័យនៅក្នុងនោះ​ផងដែរ ឬមួយបើលោកមិន​បានសុខ នោះលោកនឹងបង្កអស្ថិរភាព​សង្គមធ្វើឱ្យអ្នកដទៃមិនបាន​សុខដូចខ្លួន។ ភាពទាល់ច្រកនេះ គឺហាក់​បីដូចជាដើរទៅ​មុខ​រហូតដល់ផ្លូវទាល់ រួចហើយចង់ដើរត្រឡប់បកក្រោយមិនបានអញ្ចឹង។

 

នៅក្នុងហ្វេសប៊ុក​របស់លោក កឹម សុខា ក៏បានលើកឡើងផងដែរថា ការរំលឹក​ខួបថ្ងៃនេះ គឺធ្វើឡើង​ក្នុងគោល​បំណងជាអាទិ៍៖
១.ដើម្បី​ប្រជាពលរដ្ឋខ្មែរយើង ពិសេសអ្នក​នយោបាយ អ្នកដឹកនាំ ចងចាំជានិច្ច ធ្វើយ៉ាងណាកុំឱ្យព្រឹត្ដិការណ៍បង្ហូរ​ឈាមបែបនោះ កើតមានឡើងនៅ​ប្រទេសកម្ពុជា​ទៀតជាដាច់ខាត។

២.ខ្ញុំសូមឧទ្ទិសកុសល្យ​ផលបុណ្យនេះ ជូនទៅដល់ បុព្វការីជន អ្នកស្នេហាជាតិ អ្នកស្រលាញ់លទ្ធិប្រជា​ធិបតេយ្យទាំងឡាយ ដែលបាន​បាត់បង់ជីវិត សូមឱ្យបានដល់សុគតិភព។

៣.ខ្ញុំសូមបួងសួងឱ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋ​ខ្មែរ ទទួលបានសេចក្ដីសុខ សន្ដិភាពពិតជារៀងរហូត។

សន្ដិភាពពិត គឺសន្ដិភាព ដែលមាននៅ​ទាំងក្នុង ទាំងក្រៅ និងជុំវិញខ្លួនយើងផង។

 

សូមបញ្ជាក់ថា ក្នុងស្ថានភាពទាល់​ច្រកនេះ គណបក្សសង្គ្រោះជាតិ​នៅតែមិនទាន់រក​ឃើញ​វិធីសាស្ដ្រ​ដោះ​ស្រាយបញ្ហា ដែលបានកើត​ឡើង​ចំពោះគណបក្សខ្លួននៅឡើយទេ ហើយតទៅ​មុខទៀត ក៏យើង​មិនទាន់ដឹងថា គណបក្សសង្គ្រោះជាតិ​នឹងដោះស្រាយបញ្ហា​នៅក្នុងគណបក្សរបស់​ខ្លួនតាមរបៀបណាដែរ។

Related posts