រដ្ឋសភាជាតិអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន៤ ដោយ​គ្មាន​វត្តមាន​បក្សសង្គ្រោះជាតិ

នៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភាកាលពីព្រឹកមិញនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា រដ្ឋសភាជាតិកម្ពុជាបានអនុម័តទាំងស្រុងនូវរបៀបវារៈទាំង៤ ដោយសំឡេង៦៥លើ៦៥រូប ខណៈដែលសមាជិករដ្ឋសភាមកពីខាងគណបក្សប្រឆាំងអវត្តមាន។

របៀបវារៈទាំង៤ នោះ រួមមាន៖

ទី១. ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សំកោសិកា ជាលិកា និងសរីរាង្គមនុស្ស។ សេចក្ដីព្រាងច្បាប់នេះមាន៦ជំពូក និង ៣៤ មាត្រា។

ទី២. ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៧-ទី៨ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្ដីពីសេវាកម្ម។  សេចក្ដីព្រាងច្បាប់នេះមាន ២ មាត្រា។

ទី៣. ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើ ៣ ចំណុច៖

១.​ កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាល នៃសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណៈប្រជាមានិតចិន
២. ពិធីសារទី១ ស្ដីពីការមិនកំណត់សិទ្ធិហោះហើរទី៣ និងទី៤ រវាងចំណុចណាមួយ នៅក្នុងទឹកដីបណ្ដាភាគីចុះកិច្ចព្រមព្រៀង
៣. ពិធីសារទី២ ស្ដីពីសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង។ សេចក្ដីព្រាងច្បាប់នេះមាន ២ មាត្រា។​

ទី៤. ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើពិធីសារវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ សេចក្ដីព្រាងច្បាប់នេះមាន ២ មាត្រា។

 

បន្ទាប់ពីអង្គសភាបានបញ្ចប់ការពិភាក្សា និងអនុម័តលើរបៀបវារៈទាំង ៤ រួចមក សម្តេចប្រធានរដ្ឋសភាក៏ប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥ ដោយសម្រេចលទ្ធផលដូចខាងក្រោម៖

១. បានអនុម័តសេចក្ដីព្រាងច្បាប់ចំនួន៧ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល

២. បោះឆ្នោតផ្តល់សេចក្ដិទុកចិត្តលើសមាជិករាជរដ្ឋាភិបាល ដែលត្រូវបានកែសម្រួលចំនួន២៦រូប

៣. បោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន១រូប

៤. បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ ចំនួន១រូប

៥. អនុម័តឱ្យក្រសួងមានសមត្ថកិច្ចបន្ដនីតិវិធីចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួន ឯកឧត្តម អ៊ុំ សំអាន តំណាងរាស្ដ្រមណ្ឌលខេត្តសៀមរាប

៦. អនុម័តឱ្យសមត្ថកិច្ចបន្ដចាត់ការតាមនីតិវិធីលើករណីឯកឧត្តម កឹម សុខា តំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ចាម

៧. កាអញ្ជើញមកឆ្លើយបំភ្លឺដោយផ្ទាល់មាត់ជូនរដ្ឋសភារបស់ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌។

Related posts