
បើទោះបីជាគណបក្សសង្គ្រោះជាតិ កំពុងបន្តទន្ទឹងរង់ចាំកាលបរិច្ឆេទ នៃការចរចារនយោបាយជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាដ៏ដោយ ក៏លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅតែធ្វើការវាយប្រហារចំៗមកលើថ្នាក់ដឹកនាំគណបក្សកាន់អំណាចថា រដ្ឋាភិបាលសព្វថ្ងៃ កំពុងតែចេញក្រឡាសារ ចេញក្រយ៉ៅផ្តាច់ការ ចេញក្រយ៉ៅធ្វើបាបពលរដ្ឋខ្លួនឯងជាដើម។ លោកថ្លែងបែបនេះ នៅក្នុងវេទិកាជួបជុំសមាជិក និងអ្នកគាំទ្រនៅទីក្រុងឡុងប៊ិច នៃរដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃទី១២មិថុនានេះ។
នៅចំពោះមុខអ្នកគាំទ្រប្រមាណជាង១០០នាក់ លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានធ្វើការវៃប្រហារខ្លាំងៗមកកាន់រដ្ឋាភិបាលសព្វថ្ងៃដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាថា ដោយសាតែរដ្ឋាភិបាលសព្វថ្ងៃ ធ្វើជ្រុលពេក ធ្វើខ្លាំងពេក ធ្វើហួសហេតុពេកទើបធ្វើអោយគេដឹងការពិត ពីព្រោះគណបក្សកាន់អំណាចបានចេញក្រឡាសារ ចេញក្រយ៉ៅផ្តាច់ការ ក្រយ៉ៅធ្វើបាបប្រជារាស្ត្រខ្លួនឯង ក្រយ៉ៅចាប់គេចាប់ឯងដាក់គុក។ ហើយលោកបានបញ្ជាក់ទៀតថា ពីមុនគ្រាន់តែរករឿងគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ ប៉ុន្តែឥឡូវទង្វើផ្តាច់ការ បានប្រើតុលាការអាយ៉ង រីករាលដាលដល់ អង្គការសង្គមសុីវិល និងអង្គការក្រៅរដ្ឋាភិបាលជាដើម។